ខេត្តសៀមរាប៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, អបអរសាទរខេត្តសៀមរាប ដែលទទួលបានសមិទ្ធផលផ្លូវ៣៨ខ្សែថ្មីនៅថ្ងៃនេះ។ ការទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មីៗទូទាំងប្រទេសនេះ មិនមែនជាភាពចៃដន្យនោះទេ តែបានកើតចេញពីការគិតគូរយ៉ាងហ្មត់ចត់លើការអភិវឌ្ឍប្រទេសតាមគោលដៅសេដ្ឋកិច្ចសំខាន់ៗ ដើម្បីមិនត្រឹមតែសម្រួលដល់សេចក្តីសុខ និងភាពសប្បាយរីករាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ មិនថាអ្នករស់នៅក្នុងមូលដ្ឋានផ្ទាល់ ឬអ្នកទេសចរដែលមកពីបណ្តាខេត្តនានា ដើម្បីមកទស្សនាកំសាន្ត ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះតែប៉ុណ្ណោះទេ ប៉ុន្តែសំដៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាការទាញយកលំហូរទេសចរ និងការវិនិយោគមកកាន់កម្ពុជា នៅថ្ងៃអនាគតជាបន្តបន្ទាប់។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា, ឆ្លៀតពេលដែលខ្ញុំកំពុងមានវត្តមានក្នុងខេត្តសៀមរាប ខ្ញុំបានឃើញទិដ្ឋភាពយ៉ាងស្រស់ស្អាតនៃការរៀបចំ តុបតែងតាមដងផ្លូវនានាដើម្បីទទួលទេវតាឆ្នាំថ្មីក្នុងព្រឹត្តិការណ៍សង្រ្កាន្តសៀមរាប ដែលធ្វើឲ្យខ្ញុំនឹករលឹកដល់អនុស្សាវរីយ៍ជាច្រើនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
លោកក៏សូមបងប្អូនប្រជាពលរដ្ឋរីករាយជាមួយការប្រើប្រាស់សមិទ្ធផលថ្មី និងចូលរួមថែរក្សា សមិទ្ធផលទាំងអស់នោះឲ្យបានគង់វង្សតកូន តចៅជំនាន់ក្រោយៗទៀត ៕
ដោយ : សិលា