ខេត្តប៉ៃលិន៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិនបានដឹកនាំមន្ត្រីរាជការ និងកងកម្លាំង បានយករថយន្តអគ្គីភ័យរបស់ស្នងការខេត្ត នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំកងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសប្បុរសជននានាក្នុងខេត្ត ចុះផ្តល់ទឹកជូនប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាប្រឈមខ្វះខាតទឹកប្រើប្រាស់ចំនួន០២ភូមិគឺ ភូមិថ្មី ស្ថិតក្នុងសង្កាត់ទួលល្វា និងភូមិទួលខៀវ ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សរុបមានចំនួន ១៦៧គ្រួសារ ស្មើនិងមនុស្សរាយមានចំនួន ៧៣៤នាក់ ។
ក្នុងឱកាសនោះលោក កើត សុធា អភិបាលខេត្តប៉ៃលិនលើកឡើងថា ក្នុងឆ្នាំនេះស្ថានភាពជាទូទៅស្ទើរទូទាំងប្រទេស និងប្រទេសជិតខាងមួយចំនួនបានជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់នេះ ដោយសារការបម្រែបម្រួលអាកាសធាតុ ក្នុងនោះរួមមានការកើនឡើងកំដៅខ្លាំង ស្រះទឹក អណ្តូង អូរ ស្ទឹង បានរីងហួតហែងស្ទើទាំងអស់ ធ្វើឲ្យប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ ។
ទមន្ទឹមការការចុះផ្តល់ទឹកនៅតាមផ្ទះជូនប្រជាពលរដ្ឋដើម្បីដោះស្រាយការលំបាកចំពោះមុខ អាជ្ញាធរខេត្តក៏បានប្រើប្រាស់មធ្យោបាយផ្សេងៗទៀត ក្នុងនោះបានជំរុញឲ្យមន្ទីរជំនាញពាក់ព័ន្ធនានាដូចជាមន្ទីរធនធានទឹកចុះបូមទឹក ជូនប្រជាពលរដ្ឋសម្រាប់ទីតាំងណាដែលមានប្រភពទឹកសម្រាប់បូម ក្នុងនោះសម្រេចបានការការបូមសង្គ្រោះជូនប្រជាពលរដ្ឋ ២ភូមិ ក្នុងឃុំសាលាក្រៅ ដែលមានប្រជាពលរដ្ឋ៦៥០គ្រួសារ និង ការប្រើប្រាស់គ្រឿងចក្រចុះការស្រះនៅតាមពោះអូរដែលរីងស្ងួត ហើយបានទទួលទឹកប្រើប្រាស់ចំនួន២១កន្លែង ស្មើនិងចំនួន៣០ភូមិ ប្រជាពលរដ្ឋដែលទទួលផលមានចំនួន២,៣១០គ្រួសារ ។
មន្ទីរសាធារណៈការក៏បានចុះកាយស្រះចំនួន៤កន្លែង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចុះធ្វើការជួសជុលអណ្តូងនៅតាមភូមិ ឃុំនានា ដែលមានស្រាប់ជូនបងប្អូនប្រជាពលរដ្ឋបានចំនួន១៣កន្លែង ។ ដោយឡែកអាជ្ញាធរ ក្រុងប៉ៃលិនក៏បានសហការជាមួយស្នងការនគរបាលខេត្ត ដឹកទឹកចែកជូនប្រជាពលរដ្ឋរស់ នៅភូមិកាចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានចំនួន ២៥៤គ្រួសារផងដែរ។
នៅក្នុងកិច្ចអន្តរាគមន៏ចុះចែកទឹកជូនប្រជាពលរដ្ឋនោះគឺប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្ត ចុះដល់ផ្ទះប្រជាពលរដ្ឋដោយ ប្រមូលផ្តុំគ្រួសារមួយកន្លែងៗពី៥គ្រួសារឡើងទៅ និងផ្តល់ទឹកដល់ពាង ឬអាងសម្រាប់ទីតាំងណាដែលរថយន្តចូលទៅដល់និងប្រើប្រាស់ ប៊ីដុងឬសំភារៈផ្សេងៗ ដែលអាចដាក់ទឹកបានក្នុងនោះ លោកអភិបាលខេត្តបានណែនាំឲ្យ កំលាំងចុះអន្តរាគមន៏យកចិត្តទុកដាក់ផ្តល់ទឹកដល់ផ្ទះសម្រាប់គ្រួសារដែលខ្វះលទ្ធភាពពលកម្មរួមមាន លោកយាយលោកតាចាស់ជរា ស្ត្រីមេម៉ាយ គ្រួសារមានជំងឺ ជនពិការ និងបានផ្តល់ទឹកសុទ្ធជូនលោកគ្រូអ្នកគ្រូដែលកំពុងបង្រៀននៅក្នុងសាលាបឋមសិក្សាភូមិថ្មីផងដែរ ៕











ដោយ៖ ស សារ៉េត
...