ទូតរុស្ស៊ីប្រចាំនៅភ្នំពេញមិនទទួលញត្តិរបស់យុវជនមួយក្រុម ដែលស្នើឲ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានអ៊ុយក្រែន

ចែករំលែក៖

ភ្នំពេញ÷ស្ថានទូតរស្ស៊ីនៅព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២២ នេះ មិនបានទទួលយកញត្តិរបស់ក្រុមយុវជនមួយក្រុម ដែលមានបំណងស្នើសុំឲ្យប្រទេសរុស្ស៊ី បញ្ឈប់​ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នោះទេ។ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមសកម្មជនមួយចំនួនទៀត ការជួបប្រជុំគ្នាដើម្បី បានដាក់ញត្តិដាក់ទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា
ដែលខ្លឹមសារនៃញត្តិនោះស្នើសុំឲ្យប្រទេសរុស្ស៊ី បញ្ឈប់​ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។

លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានឲ្យដឹងនៅមុខស្ថានទូតរុស្ស៊ីប្រចាំទីក្រុងភ្នំពេញថា គោលបំណងដែលក្រុមរបស់លោកដាក់ញត្តិដាក់ ទៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជានាពេលនេះ គឺចង់ឃើញប្រទេសរុស្ស៊ីបញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ហើយស្ដារឡើងវិញនូវលំនឹងស្ថេរភាពនយោបាយ និងសន្តិភាពសកល។

យ៉ាងណាក៏ដោយលោក កើត សារ៉ាយ បានសរសេរតាមរយៈគណនីហ្វេសប៊ុក នាថ្ងៃទី ៥ ខែមេសានេះថា «មកដល់ពេលនេះស្ថានទូតរុស្ស៊ីមិនបានទទួលយកញត្តិ របស់ពួកយើងនោះទេ ទោះជាយ៉ាងនេះក្ដី ពួកយើងនៅតែរក្សាជំហរស្នើឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពាន និងស្ដារស្ថេរភាពពិភពលោកឡើងវិញ»។

កាលពីថ្ងៃទី ៤ ខែមេសា ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ បានលើកឡើងថា «ក្នុងនាមពួកយើងជាមនុស្សជាតិដូចគ្នា ពួកយើងខ្ញុំជាសង្គមស៊ីវិលប្រចាំនៅកម្ពុជា សូមផ្សាយសេចក្ដីស្រលាញ់ និងការអាណិតអាសូរដល់ប្រជាជនអ៊ុយក្រែន (Ukraine ) ដែលកំពុងស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមដ៏ព្រៃផ្សៃយង់ឃ្នង ហើយពួកយើងពិតជាចង់ឃើញខ្លាំងណាស់ ចំពោះមនុស្សជាតិទាំងអស់ ក្នុងសកលលោកអាចរស់នៅក្នុងសុខសន្តិភាព ជួបជុំបងប្អូនគ្រួសារយ៉ាងរីករាយ ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ ដូច្នេះក្នុងនាមប្រជាជាតិកម្ពុជាពួកយើងខ្ញុំ ពិតជាមិនចង់ឃើញប្រទេសណាមួយធ្លាក់ក្នុងភ្លើងសង្រ្គាមនោះទេ សូមប្រជាជាតិអ៊ុយក្រែន (Ukraine ) និងប្រជាជាតិរុស្ស៊ី (Russia) ទទួលយកនូវការគោរពស្រឡាញ់ពីពួកយើងខ្ញុំផង»។

គួររំលឹកថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ ប្រទេសរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​​ បន្ទាប់​ពី​ការ​ប្រកាស​ដោយលោក ​វ្លាឌីមៀរ ពូទីន ​ប្រធានា​ធិបតីរុស្ស៊ី ដែលរហូតមកដល់ពេលនេះបើទោះបីជាមានការរិះគន់ខ្លាំងទៅលើប្រទេសរុស្ស៊ីឯណាក៏ដោយក៏រុស្សុីហាក់ ដូចជាមិនដកថយនោះដែរ។

មន្ត្រីស្ថានទូតរុស្ស៊ីប្រចាំនៅរាជធានីភ្នំពេញមិនអាចទាក់ទងសុំការបំភ្លឺបានទេ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print