គ្រាប់បាល់ក្នុងតង់ទី២របស់ខ្សែបម្រើ Kevin de Bruyne បានជួយឱ្យ Manchester City ទទួលជ័យជម្នះដោយយកឈ្នះលើក្រុម Atletico Madrid ដែលជាការប្រកួតដ៏សំខាន់សម្រាប់ការប្រកួត Champions League វគ្គ១/៤ផ្តាច់ព្រ័ត្រជើងទីមួយនៅកីឡដ្ឋាន Etihad។
ក្រុមរបស់លោក Diego Simeone បានប្រកួតដោយមានឱកាសគ្រប់គ្រងបាល់ និងការស៊ុតចំគោលដៅតិចតួចប៉ុណ្ណោះលើក្រុម Man Cityរហូតដល់ De Bruyne រកបាន១គ្រាប់នៅនាទីទី៧០។ ខ្សែប្រយុទ្ធ Phil Foden ក្នុងនាមជាកីឡាករបម្រុង បានបង្កើតភាពអស្ចារ្យម្តងទៀតដោយមានឱកាសស៊ុតចំគោលដៅលើក្រុម Atletico Madrid ប៉ុន្តែនៅតែមិនអាចផុតដៃអ្នកចាំទី Jan Oblak បាន ហើយលទ្ធផល១ទល់០នេះបានបន្តរហូតដល់ចប់ការប្រកួត។អ្នកចាត់ការទូទៅរបស់ Man City គឺលោក Pep Guardiola បានបង្ហាញពីអារម្មណ៍ត្រេកអរ ក្នុងការដឹកនាំក្រុមនេះ ដើម្បីបន្តជ័យជម្នះលើក្រុម Atlectico Madrid សម្រាប់ជើងទីពីរនៅថ្ងៃទី១៣ ខែមេសាទៀត។ចំណែកក្រុមហង្សក្រហម Liverpool បានបង្កើនក្តីសង្ឃឹមកាន់តែច្រើន ក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះ Benfica នៅជើងទី១ ក្របខ័ណ្ឌChampions League វគ្គ១/៤ផ្តាច់ព្រ័ត្រក្នុងទីក្រុង Lisbon ដោយទទួលបានលទ្ធផល៣ទល់១។ចូលដល់ការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវ Liverpool រកបាន២គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ Benfica ដោយគ្រាប់ទី១រកបានដោយកីឡាករ IbrahimaKonate នៅនាទីទី១៧ និងគ្រាប់ទី២រកបានដោយកីឡាករ Sadio Mane នៅនាទីទី៣៤។ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម Liverpool នៅតែព្យាយាមសម្រុកបន្តទៀត ដោយព្យាយាមគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែនៅនាទីទី៤៩ ខ្សែប្រយុទ្ធ Darwin Nunez របស់ក្រុម Benfica រកបាន១គ្រាប់សងវិញហើយនៅនាទីទី៨៧ជិតចប់ការប្រកួតទៅហើយកីឡាករ Luis Diaz របស់ Liverpool រកបាន១គ្រាប់បន្ថែមទៀតដែលជាគ្រាប់ទី៣ រហូតដល់ចប់ការប្រកួត Liverpool យកឈ្នះ Benfica ៣ទល់១។នេះគឺជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះមួយសម្រាប់ការប្រកួតដ៏ធំរបស់ក្រុម Liverpool ដែលនឹងកំណត់រដូវកាលរបស់ពួកគេ ជាមួយនឹងការប្រកួតត្រឡប់មកវិញរវាងការប្រកួតកាលពីថ្ងៃអាទិត្យនៅឯក្រុមកំពូលតារាង Premier League មេឃខៀវ Manchester City និងការប្រកួត FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមរបស់លោក Pep Guardiola នៅ៦ថ្ងៃក្រោយមក។
ការប្រកួតជើងទី២រវាងក្រុម Liverpool នឹងក្រុម Benfica នៃក្របខ័ណ្ឌ Champions League នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមេសាខាងមុខ ដើម្បីរកក្រុមដែលឈ្នះឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕ (រូបភាព ៖ BBC