ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅរសៀលថ្ងៃពុធទី០៦ ខែមេសា ឆ្នាំ២០២២នេះថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ស្អែកនេះ ដោយមានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយស លោកស្រី មឹន មាណវី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
នៅក្នុងកម្មវិធីវាគ្មិនកិត្តិយស នឹងធ្វើការបកស្រាយនូវសំណួរដែលជាសំណួររបស់បងប្អូនប្រជាពលរដ្ឋបានសាកសួរតាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួង ១២សំណួរខាងក្រោម៖
-១.តើគំនូសសញ្ញាចរាចរណ៍លើដងផ្លូវមានប៉ុន្មានប្រភេទ?អ្វីខ្លះ?និងមានលក្ខណៈខុសគ្នាដូចម្ដេចខ្លះនៅក្នុងការប្រើប្រាស់?
-២.តើគន្លងផ្លូវក្នុងប្រទេសកម្ពុជាបែងចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ? និងមានការបែងចែកបែបណាខ្លះសម្រាប់រថយន្ត និងម៉ូតូ?
-៣.តើអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវមានឥរិយាបថ និងសុជីវធម៌បែបណាខ្លះពេលកំពុងបើកបរ?
-៤.ប្រសិនបើអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនគោរពតាមការណែនាំរបស់ក្រសួងក្នុងការប្រើប្រាស់គន្លងផ្លូវក៏ដូចជាសញ្ញាចរាចរណ៍ផ្សេងៗតើនឹងផ្ដល់ផលវិបាកអ្វីខ្លះអ្នកប្រើប្រាស់ផ្លូវផ្សេងទៀតក្នុងការធ្វើដំណើរ?
-៥.តើក្រសួងមានគោលដៅពង្រីកការចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ក៏ដូចជាគំនូសសញ្ញាចរាចរណ៍ផ្សេងៗនៅតាមសាលារៀន ជាពិសេសតំបន់ដែលមានរោងចក្រដែរឬទេ?ដោយកន្លងមកឃើញថាតំបន់ទាំងនេះកើតមានគ្រោះថ្នាក់ចរាចរណ៍ និងមានការកកស្ទះយ៉ាងខ្លាំង?
-៦.ដើម្បីចូលរួមទប់ស្កាត់ ក៍ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តើក្រសួង និងអង្គភាពជំនាញមានគោលដៅក្នុងការចុះផ្សព្វផ្សាយក្នុងរូបភាពបែបណាខ្លះ?
-៧.ដោយមើលឃើញថានៅតាមដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្តមួយចំនួនគំនូសសញ្ញាលើដងផ្លូវមានការរលុបដូច្នេះប្រជាពលរដ្ឋក៏មានសំណូមពរមកក្រសួងឱ្យជួយជំរុញ និងបន្តការងារគូសគំនូសសញ្ញាចរាចរណ៍ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។
-៨.ដោយមានការសំណូមពរពីប្រជាពលរដ្ឋទាក់ទងទៅនឹងផ្លូវដែលបានជួសជុលស្អាតរួចហើយ គួរតែមានគំនូសសញ្ញាចរាចរណ៍ឱ្យបានគ្រប់ផ្លូវ ដើម្បីងាយស្រួលនៅក្នុងការបើកបរតាមគន្លង ជាពិសេសផ្លូវនៅតាមបណ្ដាខេត្តគួរតែមានគំនូសចែកទ្រូងផ្លូវឬចំណាំាងផ្លាត ព្រោះអាចជួយសម្រួលដល់ការបើកបរនាពេលយប់ងងឹត។
-៩.ប្រជាពលរដ្ឋបានសំណូមពរទាក់ទងនឹងការបន្តចុះត្រួតពិនិត្យផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍នៅគ្រប់ផ្លូវទូទាំងប្រទេស ជាពិសេសផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវដែលមានមែកឈើបាំង ឬមានសំយ៉ាបផ្ទះបាំងជាដើម?
-១០.នៅតាមផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញតែងតែមានដាក់ផ្លាកសញ្ញាហាមបត់ត្រឡប់ក្រោយប៉ុន្តែជាក់ស្ដែងតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីអ្នកបើកបរតែងតែបត់ត្រឡប់ក្រោយ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ដូច្នេះតើក្រសួងមានដំណោះស្រាយបែបណាចំពោះបញ្ហាខាងលើនេះ?
-១១.ប្រជាពលរដ្ឋបានសំណូមពរឱ្យក្រសួងសិក្សាលទ្ធភាពរៀបចំឱ្យមានចំណតសម្រាប់ប្រភេទរថយន្តធុនធំ ឱ្យមានចំណតត្រឹមត្រូវ ដើម្បីបញ្ចៀសការចតឡានតាមដងផ្លូវ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
-១២.ប្រជាពលរដ្ឋបានសំណូមពរឱ្យក្រសួងសិក្សាលទ្ធភាពរៀបចំឱ្យមានផ្លាកសញ្ញាប្រាប់អំពីឈ្មោះផ្លូវ ឈ្មោះតំបន់ និងដាក់ពង្រាយតាមដងផ្លូវឱ្យបានច្រើន ពិសេសផ្លូវសំខាន់ៗនៅតាមបណ្ដាផ្លូវជាតិនានា ពីរាជធានីភ្នំពេញទៅខេត្ត ដើម្បីផ្ដល់ជាព័ត៌មានដល់អ្នកធ្វើដំណើរ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋអាចចោទជាសំណួរមកកាន់កម្មវិធី ដោយទម្លាក់សំណួរចូលក្នុងខមិន(Comment) ខាងក្រោម ដើម្បីជ្រើសរើសមកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់នេះ៕ដោយ៖សហការី