ភ្នំពេញ : ដោយអនុវត្តតាមបទបញ្ជា ននិងការណែនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពី ការផ្សព្វផ្សាយផែនការ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងការប្រជុំផ្សព្វផ្សាយ ស្តីអំពីផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: សម្រាប់ដំណេីរការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តទី៥ នៅរាជធានីភ្នំពេញ ។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង ក្រុមជំនួយការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ជាកិច្ចចាប់ផ្តេីមលោកស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍សង្ខេបជូនដល់អង្គប្រជុំ ស្តីពីផែនការការពារសន្តិសុខ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផែនការការពារសន្តិសុខ សុវត្ថិភាព សម្រាប់ដំណេីរការបោះឆ្នោត ការឃោសនា ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ។ ក្រោយពីបញ្ចប់ការអានរបាយការណ៍ ក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង ទាក់ទងទងទៅនឹងផែនការទាំង២ ខាងលេីនេះផងដែរ ។
ជាកិច្ចបញ្ចប់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោក លោកស្រីស្នងការរងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំកម្លាំង ដេីម្បីអនុវត្តការងារឱ្យបានល្អ ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសកម្លាំងចរាចរណ៍ទាំងអស់ត្រូវតែចេញ ជួយសម្រួលចរាចរណ៍ ទាំងក្នុងរាជធានីភ្នំពេញ ក៏ដូចជាច្រកចេញ ចូល រាជធានីភ្នំពេញ ដេីម្បីកាត់បន្ថយការកកស្ទះ និងរៀបចំកម្លាំងឱ្យបានល្អ ដូចជាការស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ កាត់សក់ខ្លី ជាពិសេសអនុវត្តឱ្យបាននូវសម្តី កាយវិការឱ្យបានសមរម្យ នៅពេលបំពេញតួនាទីភារកិច្ច ក្នុងការការពារតាមបណ្តាការិយាល័យបោះឆ្នោតទាំងអស់ក្នុងរាជធានីភ្នំពេញ ។ ជាមួយនោះដែរ លោកស្នងការ បានណែនាំដល់អង្គភាពចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងអស់ ត្រូវធ្វេីការទំនាក់ទំនង និងសហការគ្នាឲ្យបានល្អ ដេីម្បីផ្តល់ព័ត៌មានមកអ្នកនាំពាក្យ ឬក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដេីម្បីរៀបចំធ្វេីការបកស្រាយ វាយបក និងបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានជ្រាប ចំពោះជនទាំងឡាយណាដែលមានបំណងអាក្រក់ ធ្វេីការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានបំណងបង្ខូចកិត្តិយសបុគ្គល អង្គភាព ជាពិសេសញុះញង់បង្កឲ្យមានអសន្តិសុខ និងបង្កឲ្យមានភាពវឹកវរក្នុងសង្គមជាតិ ៕