បង្កើត​ក្រុមការងារ​ស្រាវជ្រាវ ករណី​ចោទប្រកាន់​ថ្នាក់ដឹកនាំ​ពេទ្យ​ខេត្ត ថា​គ្មាន​រថយន្ត​ពេទ្យ ដឹក​សព​គ្រូពេទ្យ​ម្នាក់​

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ ក្រោយពី​មានការ​ចោទប្រកាន់ មកលើ​ថ្នាក់ដឹកនាំ​ពេទ្យ ខេត្តស្ទឹងត្រែង លើ​ករណី​ស្ត្រី​បុគ្គលិក​ពេទ្យ​ម្នាក់​ស្លាប់ ហើយ​គ្មាន​រថយន្ត​ពេទ្យ​រដ្ឋ ដឹក​សព​យកមក​ផ្ទះ ដើម្បី​ធ្វើបុណ្យ​នោះ មន្ទីរ​សុខាភិបាល ខេត្តស្ទឹងត្រែង ក៏បាន​បង្កើត​ក្រុមការងារ ចុះ​ស្រាវជ្រាវ ការចោទប្រកាន់​ខាងលើនេះភ្លាម ។​

​លោក អ៊ុង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​៧ ខែ មេសា​ឆ្នាំ ២០២២​ថាៈ ករណី​ចោទប្រកាន់​របស់​ក្រុមគ្រួសារ ដែលជា​ស្ត្រី បម្រើ​ការងារ នៃ​មណ្ឌល​សុខភាព ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង បាន​ស្លាប់ ហើយ​គ្មាន​រថយន្ត​ដឹក​សព មក​ធ្វើបុណ្យ​នៅ​ខេត្តស្ទឹងត្រែង​នោះ។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បានបញ្ជាក់​ថាៈ ” ខ្ញុំ​បាន​ឲ្យ​ក្រុមការងារ ចុះ​ស្រាវជ្រាវ លើ​ករណី នេះហើយ ដើម្បី​រក​ការពិត បើ​ពិត​ដូច​ផេ​ក​នេះ​ចុះ យើង​នឹងមាន​វិធានការ តាមច្បាប់ ចំពោះ​អ្នកទទួលខុសត្រូវ អង្គភាព​នោះ ” ។​

រឿងរ៉ាវ​ខាងលើនេះ មាន​ស្ត្រី​ម្នាក់ ដែល​ត្រូវជា​សាច់ញាតិ គ្រួសារ​សព មាន account facebook ឈ្មោះ Leang Chan thy សរសេរ​រៀបរាប់ថាៈ ” មីង​ខ្ញុំ​ធ្វើការ​នៅ មន្ទី​ពេទ្យ បង្អែក ខេត្តស្ទឹងត្រែង ២៥ ឆ្នាំ រហូត​ទៅ​បំពេញការងា នៅ​ក​ញ្ចា​ញ​គោក (​មណ្ឌល​សុខភាព​ឃុំ​ស្រែ​សំបូរ​) ស្លាប់​នៅ​ទីនោះ រក​ឡាន​ដឹក​សព មក​ផ្ទះ​វិញ​មិនមាន​។ នេះ​គឺ​បុគ្គលិក​ពេទ្យ​ផង ចុះ​ទំរាំ​ប្រជាជន​សាមញ្ញ​សង្ឃឹម​អី​ទៅ​។ មីង​របស់ខ្ញុំ បាន​ស្លាប់​ដោយ សារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ទៅ​បម្រើ​ការងារ ជា​អនុប្រធាន​មណ្ឌល​សុខភាព ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង​។ ម្ដាយមីង បាន​ស្លាប់​តាំងពី​ម៉ោង ៥:៣០ ដល់​ម៉ោង​ជិត ៩ យប់​ថ្ងៃទី ៦ ខែមេសា មិនមាន​រថយន្ត​រប​ស់​មន្ទីរពេទ្យ ដើម្បី​ដឹក​សព យកមក​ធ្វើបុណ្យ​នៅផ្ទះ ឯ​ទី​រួម​ខេត្ត ស្ទឹងត្រែង​។ ពេល​គាត់​សួរ​ទៅខាង​គ្រូពេទ្យ​ខេត្ត បែរជា​ឆ្លើយថា រថយន្ត​សម្រាប់​ដឹក​មនុស្ស មិនមែន​សម្រាប់​ដឹក​សព​ទេ​។ ពេលឮ​សំដី​បែបនេះ ទើប​ធ្វើឱ្យ​មានការ​ប្រតិកម្ម ហើយ​ក្រុម គ្រួសារ ក៏​សម្រេចចិត្ត​យក​រថយន្ត​ផ្ទាល់ខ្លួន ដឹក​សព​ពី​ស្រុក​សៀម​ប៉ាង ដែលមាន​ចម្ងាយ​ឆ្ងាយ មក​ធ្វើបុណ្យ​នៅផ្ទះ នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ” ។​

​លោក ជួន សំនៀង ប្រធាន​មណ្ឌល​សុខភាព ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង បាន​និយាយថាៈ ពាក់ព័ន្ធ​ករណី ស្ត្រី​បម្រើ​ការងារ នៅក្នុង​មណ្ឌល​សុខ​សុខភាព​ស្លាប់​នេះ ខាង​គ្រូពេទ្យ បាន​ខំប្រឹងប្រែង​ណាស់ មិន​ដូច​ការចោទប្រកាន់​នោះទេ​។ មកពី​ខាង​សាច់ញាតិ មិន​ទំនាក់ ទំនង​ទៅ​លោក​ផ្ទាល់ ហើយ​ចង់​ដឹក​សព ទៅផ្ទះ​ភ្លាមៗ​។​

​លោក ជួន សំនៀង បាន​និយាយថាៈ គ្រូពេទ្យ គេ​មិនអាច​ដឹក​សព​ទៅ​ភ្លាម​បានទេ គឺ​ត្រូវ​រង់ចាំ ទំនាក់ទំនង រក​រថយន្ត​ពេទ្យ ជាមុនសិន​។ ម្យ៉ាងទៀត អ្នក​ដែល​ស្គាល់ ធ្លាប់​បម្រើ​ការងារ នៅ​មណ្ឌល​សុខភាព រៀបចំ​ជូន​ដំណើរ​សព ជា​លើកចុងក្រោយ​ផង​។ ខាង​ក្រុមគ្រួសារ​ដែល​ទៅ​ពី​ទី​រួម​ខេត្ត ទៅវិញ​ទេ ដែល​ចង់​ដឹក​សព​ទៅ​ភ្លាមៗ​នោះ​។ ក្រោយមក ក៏បាន​បង្ហោះ សារ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រិះគន់​ដល់​គ្រូពេទ្យ​។​

​ក្រោយពី​មាន​ករណី​ខាងលើនេះ ក្រុមការងារ​របស់ មន្ទីរ​សុខាភិបាល​ខេត្ត កំពុង​ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ រក​ការពិត ចំពោះ​ក្រុមគ្រួសារ​សព ចោទប្រកាន់ មកកាន់​ថ្នាក់ដឹកនាំ​ពេទ្យ​។​

​ទាក់ទង​ករណីនេះ លោក ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តស្ទឹងត្រែង បានលើកឡើង​ថាៈ ស្នើសុំ​សមត្ថកិច្ច ដែល​ពាក់ព័ន្ធ ពិនិត្យ និង​ចាត់ចែង​ដោះស្រាយ​ផង បើសិន​ជាមាន​អីចឹង មែន​៕អរុណរះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print