ច្បាប់រឹតត្បិតទប់ស្កាត់កូវីដ-១៩ នៅទីក្រុងជាច្រើនក្នុងប្រទេសចិន បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច ពណិជ្ជកម្មនៅលើពិភពលោក និងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូន ។
ការបិទទីក្រុងសៀងហៃបានប៉ះពាល់ដល់វិស័យដឹកជញ្ជូនទំនិញ ចែកចាយនៅតាមទីក្រុងនានាក្នុងប្រទេសចិន ក៏ដូចជាការតភ្ជាប់ជាមួយកំពង់ផែធំៗនៅលើពិភពលោក ។ វិស័យដឹកជញ្ជូននៅក្នុងទីក្រុងសៀងហៃរងផលប៉ះពាល់ដោយសារតែច្បាប់រឹតត្បិតធ្វើដំណើរនៃបណ្តារថយន្តដឹកទំនិញ ក៏ដូចជាចែកចាយទំនិញ ក្នុងពេលបិទខ្ទប់ ទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
លោក Mads Ravn អគ្គនាយករងក្រុមហ៊ុនដឹកជញ្ជូន DSV ដែលជាក្រុមហ៊ុនដឹកជញ្ជូន ធំបំផុតនៅលើពិភពលោកបានឱ្យដឹងថា សេវាកម្មដឹកជញ្ជូនតាមដែនគោកគឺមិនអាចធ្វើទៅបានឡើយ ។ ចំណែកការដឹកជញ្ជូនផ្លូវទឹកមានតែ៣%ប៉ុណ្ណោះ ដោយសារតែកម្រិតដឹកជញ្ជូនមានកំណត់។
ចិនបានបង្កើនការរឹតត្បិតទប់ស្កាត់ឆ្លងកូវីដ-១៩ ខណៈដែលប្រទេសនេះមានករណីឆ្លងកើនឡើងខ្ពស់។ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដចិន ដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 នៅក្នុងខេត្តជីលីន (Jilin) ភាគឦសានប្រទេសចិន បានឱ្យដឹងថា មេរោគបំប្លែងថ្មីអូមីក្រុង (Omicron) អាចបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ក្រុមអ្នកដែលងាយរងគ្រោះ ដូចជាមនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ។
ចាប់តាំងពីថ្ងៃទី២ ខែមីនា នៅពេលដែលរលកចុងក្រោយនៃជំងឺ COVID-19 បានចាប់ផ្តើមផ្ទុះឡើងនៅក្នុងទីក្រុង Jilin នៃខេត្ត Jilin ទីក្រុងនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជិត ២៥,០០០ករណី ដោយ៩៧.៥ភាគរយនៃអ្នកជំងឺមានរោគសញ្ញាស្រាល ឬមិនមានរោគសញ្ញា។ ចំណែកឯករណីមានរោគសញ្ញាស្រាល និងគ្មានរោគសញ្ញាត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក នៅមណ្ឌលចត្តាឡីស័ក ខណៈដែលករណីមាន រោគសញ្ញាមធ្យម ធ្ងន់ធ្ងរ និងករណីមានជំងឺប្រចាំកាយធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលបានកំណត់ ដើម្បីសម្រាកព្យាបាល៕ ដោយធីរីណា
រូបថត : Bloomberg
រូបថត :THX/TTXVN