នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri បានប្រកាសអំពីគំរោងស្នើសុំយកភាសា Bahasa Melayu ឬ Malay របស់ខ្លួន ឱ្យក្លាយទៅជា “ភាសាទីពីរ” របស់អាស៊ាន។ ម៉ាឡេស៊ីលើកឡើងបែបនេះ ដោយទាញហេតុផលចំនួន៣ថា៖
១.ដើម្បីលើកកម្ពស់ភាសាជាតិនៅលើឆាកអន្តរជាតិ។
២.ចង់យកលំនាំតាមសហភាពអឺរ៉ុប (EU) ដែលបានប្រើប្រាស់ភាសាផ្លូវការរហូតដល់ទៅ២៤ និងភាសាការងារចំនួនបី៖ អង់គ្លេស បារាំង និងអាល្លឺម៉ង់។
៣.ភាសា Melayu ត្រូវបានគេនិយាយរហូតដល់ទៅជិតពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋជាង៦០០លាននាក់នៅក្នុងតំបន់អាស៊ាន។
រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌូនេស៊ីបានប្រតិកម្មមុនគេក្នុងចំណោមប្រទេសអាស៊ាន៩ទៀត ដោយទាញហេតុផលថា បើគិតពីភាសាដែលនិយាយច្រើនជាងគេគឺ បាហាសាឥណ្ឌូនេស៊ីមិនមែន បាហាសាម៉ាឡេស៊ី នោះឡើយ។ ភាសា Bahasa Indonesia និង Bahasa Malaysia មានភាពខុសគ្នាខ្លះនៅក្នុងវាក្យសព្ទ អក្ខរាវិរុទ្ធ ការបញ្ចេញសំឡេង និងវេយ្យាករណ៍។
អាស៊ានដែលមានអាយុ៥៥ឆ្នាំហើយ បានយក
“ភាសាអង់គ្លេស” ជាភាសាផ្លូវការ និងភាសាការងារចាប់តាំងពីដំបូងមកម្លេះ។
តាមមើលទៅបំណងរបស់ម៉ាឡេស៊ីនេះ មិនអាចទៅរួចទេ ព្រោះមិនអាចរកសម្លេងកុងសង់ស៊ីសទាំង១០ប្រទេសបានឡើយ៕
ដោយ៖ សូរិយា