ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ប្រតិភូអង្ភភាពប្រឆាំងអំពើពុករលួយដឹកនាំដោយ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងបាននាំយកមកជាមួយ នូវជាអំណោយចំណាយថវិកាសរុប ចំនួន៨២០០០ដុល្លារ និងសម្ភារ:បរិក្ខារ គ្រឿងឧបភោគបរិភោគជាច្រើនមុខ មកចែកជូនដល់កងទ័ព នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ សំរាប់អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងខិតចូលមកដល់ ក្នុងពេលឆាប់ៗ ខាងមុខនេះ។
នៅក្នុងឱកាសជួបសំណេះសំណាលនេះ លោកស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងប្រតិភូអមដំណើរទាំងអស់ ដែលរាល់ឆ្នាំជានិច្ចបានឧបត្ថម្ភជាសម្ភារ:បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកា ដល់ដៃកងទ័ព កងពលធំអន្តរាគមន៍លេខ៣ និងសូមប្រសិទ្ធិពរជ័យ មហាប្រសើរ និងវត្ថុសាកសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មីសូមប្រសិទ្ធិពរជ័យឲ្យឯកឧត្តម លោកជំទាវអស់លោក គណៈប្រតិភូទាំងអស់ជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ៤ ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។ ជារួមចាប់តាំងពីចងសម្ព័ន្ឋមេត្រីភាពជាមួយ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅឆ្នាំ២០១២ មក ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយតែងបានមកកាន់ទីនេះជារៀងរាល់ឆ្នាំ (រៀងរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិ) ដើម្បីមកជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារ: បរិក្ខារផ្សេងៗ គ្រឿងឧបភោគបរិភោគ និងថវិកា យ៉ាងច្រើន មកចែកជូនដល់ដៃកងទ័ព ក៍ដូចជា សំរាប់កសាងអង្គភាព ផងដែរ៕