ភ្នំពេញ៖ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ការអភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វា ប្រមាណ៥០នាក់បាននាំគ្នាតវ៉ាជាថ្មីម្ដងទៀតកាលពីម៉ោង៩ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វា ប្រឆាំងគ្រឿងចក្ររបស់ក្រុមហ៊ុន OCIC ដែលបានឈូសឆាយស្ថាបនាផ្លូវស្របតាមផ្លូវជាតិលេខ៦ ពីអ័ក្ស ១០០ម៉ែត្រ។
ការតវ៉ានេះខណៈដែលគ្រឿងចក្ររបស់ក្រុមហ៊ុនបានឈួសបំផ្លាញកូនឈើ ផលដំណាំដែលដីកំពុងតែមានទំនាស់គ្នាមិនទាន់បានដោះស្រាយនៅឡើយ។
តាមប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានឲ្យដឹងថា ពួកគាត់មិនបានជំទាស់នឹងការអភិវឌ្ឍន៍របស់ក្រុមហ៊ុននោះទេ តែសូមឲ្យមានការដោះស្រាយគ្នាសិនទើបអភិវឌ្ឍន៍ ។ តែពេលនេះមិនទាន់បានដោះស្រាយផងស្រាប់តែក្រុមហ៊ុនបាននាំបានយកគ្រឿងចក្រមកឈូស ស្ថាបនាផ្លូវលើដីរបស់ពួកគាត់ដែលកំពុងតែតវ៉ាទើបពួកគាត់បាននាំគ្នាប្រឆាំងដើម្បីហាមឃាត់គ្រឿងចក្រតែម្តង ។
ផ្លួវដែលក្រុមហ៊ុនឈូសឆាយនេះជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញដែលអាជ្ញាធរខណ្ឌជ្រោយចង្វាសហការចុះទៅវាស់វែង ស្ថាបនាដើម្បីរំដោះចរាចរណ៍ ពីអ័ក្សផ្លូវជាតិលេខ៦ ចំងាយ១០០ម៉ែត្រពីអក្ស័ផ្លូវដែលរាជរដ្ឋាភិបាលបានកាត់ដីចេញពីតំបន់អភិវឌ្ឍន៍ទុកជួនប្រជាពលរដ្ឋនោះ។
ទោះបីមានការសម្រេចយ៉ាងណា ប្រជាពលរដ្ឋជាច្រើនគ្រួសារ រួមជាមួយអ្នកដែលរងផលប៉ះពាល់ទាំងអស់ប្រមាណជាង៥០គ្រួសារ បាននាំគ្នាធ្វើបាតុកម្មតវ៉ាជាបន្តបន្ទាប់ដើម្បីស្នើឲ្យរាជរដ្ឋាភិបាលវាស់វែងទុកពីអ័ក្ស១៥០ម៉ែត្រដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យកាន់តែតិច។ទន្ទឹមការតវ៉ា ក្រុមហ៊ុនក៍បានចុះមកឈូសឆាយស្ថាបនាផ្លូវនេះជាបណ្តើរៗប្រឆាំងគ្រឿងចក្រដែលក្រុមបានដាក់សន្តិសុខឈរស្រាក់ដៃគ្នារារាំងមិនឱ្យប្រជាពលរដ្ឋចូលឡើយ។
ទាក់ទិនតំបន់អភិវឌ្ឍន៍នេះលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ក្រោយពីមានការសម្រេចពីរាជរដ្ឋាភិបាលឲ្យកាត់ឈ្វៀលដីភូមិជូនប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌបានយកចិត្តទុកដាក់សហការជាមួយក្រុមហ៊ុនបានចុះវាសវែង ១០០ម៉ែត្រអ័ក្សផ្លូវជាតិលេខ៦ រួចបន្តវាស់វែងនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ពេលរួចរាល់ហើយយើងបន្តធើ្វជាបណ្តើរទៀត ដើម្បីជំរុញដោះស្រាយជួនប្រជាពលរដ្ឋ ៕





ដោយ៖ ជ្រោយពេជ្រ
...