នាយករដ្ឋមន្ត្រីអូស្ត្រាលីបានប្រកាសរំលាយរដ្ឋសភា និងប្រកាសយកថ្ងៃទី២១ខែឧសភា ដើម្បីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រជាថ្មី។ ការសម្រេចខាងលើរបស់នាយករដ្ឋមន្ត្រី Scott Morrison ក្រោយពេលលោករងគំនាបយ៉ាងខ្លាំងបន្ទាប់ពីគណបក្សប្រឆាំង មានការគាំទ្រកាន់តែច្រើនឡើងៗ។
នាយករដ្ឋមន្ត្រី Scott Morrison បានប្រកាសថា លោកមិនអាចពន្យារពេលតទៅទៀតនោះឡើយ នៅថ្ងៃនេះ (១០ខែមេសា) រដ្ឋសភានីតិកាលទី៤៦ត្រូវបានរំលាយ ហើយបោះឆ្នោតសភានីតិកាលទី៤៧ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ខែឧសភាខាងមុខនេះ។
ចាប់តាំងពីរដ្ឋកាលដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី John Howard នាយករដ្ឋមន្ត្រី Scott Morrison គឺជានាយករដ្ឋមន្ត្រីដែលកាន់អំណាចបានពេញ១អាណត្តិ។ ដូច្នេះនេះក៏ជាជោគជ័យមួយរបស់រដ្ឋាភិបាលដឹកនាំដោយលោក Scott Morrisonដែរ ។
ក្នុងពេលនេះដែរ នាយករដ្ឋមន្ត្រី Scott Morrison បានអំពាវនាវដល់ពលរដ្ឋគួរតែជ្រើសរើសថ្នាក់ដឹកនាំក្នុងតំបន់របស់ខ្លួនក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូលដើម្បីអនាគត ។ ការរំលាយរដ្ឋសភាដើម្បីបោះឆ្នោតជាថ្មីគឺក្រោយពេលដែលការគាំទ្រទៅលើនាយករដ្ឋមន្ត្រីបានធ្លាក់ចុះខ្លាំង៕ ដោយធីរីណា