Update៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ប្រទេសឥណ្ឌា

ចែករំលែក៖

ភ្នំពេញ÷នៅព្រឹក ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។

លោកស្រី បណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ផ្តល់ជំនួយវ៉ាក់សាំងកូវីសែល ចំនួន ៣២៥,០០០ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ក្នុងនោះវ៉ាក់សាំងចំនួន ២០ម៉ឺនដូស ត្រូវបានដឹកនាំមកដល់កម្ពុជា នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ។ដោយឡែកវ៉ាក់សាំងចំនួន ១២៥,០០០ដូស នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។

លោកស្រីបានបន្ថែមទៀតថា ការផ្តល់ជំនួយវ៉ាក់សាំង គឺជាការបង្ហាញពីស្មារតីនៃការជួយគ្នារវាងកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានចំណងទំនាក់ទំនងល្អជាមួយគ្នាដ៏យូរលង់មកហើយ។ ឥណ្ឌា នឹងបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជានាពេលក្រោយបន្ថែមទៀត បើសិនកម្ពុជាត្រូវការ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណដល់រដ្ឋាភិបាលក៏ដូចជាប្រជាជនឥណ្ឌាចំពោះការផ្ដល់អំណោយជាវ៉ាក់សាំងកូវីដ-១៩ នាពេលនេះសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា អំណោយវ៉ាក់សាំងកូវី-១៩នេះ ជាសប្បុរសធម៌ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្ដួចផ្ដើមចតុភាគី ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាអំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា និងឥណ្ឌានិងសមាជិកដទៃទៀតនៃគំនិតផ្ដួចផ្ដើមនេះ ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។ កម្ពុជាសូមសំដែងនូវការអរគុណ និងក៏កោតសរសើរជូនដល់សមាជិកនៃគំនិតផ្ដួចផ្ដើមចតុភាគី ក៏ដូចជាបណ្ដាប្រទេសនានានៅជុំវិញពិភពលោក ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៅក្នុងប្រទេស តំបន់ និងសកលលោកទាំងមូល ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម សេដ្ឋកិច្ច។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ក្នុងបរិការណ៍នៃការឆ្លងរាលដាលនៃជំងឺ Covid-19 បានថមថយ និងជារួមដោយយើងបានគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលបានយ៉ាងប្រសើរ។ សម្ដេចតេជោបានលើកទឹកចិត្តឲ្យមានការពង្រឹង ការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជានិងសមាជិកដទៃទៀត ជាពិសេសរវាងកម្ពុជា និងឥណ្ឌាពាក់ព័ន្ធពាណិជ្ជកម្ម ការវិនិយោគបច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាឲ្យបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១៤-១៦ មេសា ២០២២ ខាងមុខនេះ ។ សម្ដេចតេជោក៏បានជូនពរ និងបួងសួងទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យដល់សម្ដេច​ឯកឧត្តម លោកជំទាវ លោកលោកស្រី ឲ្យមានសេរីសួស្តីជ័យមង្គល និងវិបុលសុខ ល្អប្រសើរក្នុងឱកាសឆ្នាំថ្មីខាងមុខនេះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print