ភ្នំពេញ : នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង ឣភិបាលនៃគណ:ឣភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរូមពីសំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជឣាវុធហត្ថ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឣភិបាល ក្រុង ស្រុក និងលោកប្រធាន អនុប្រធានមន្ទីរឣង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅសាលប្រជុំតូចសាលាខេត្ត។
របៀបវារៈសំខាន់ៗរួមមាន៖
១.មតិបើកកិច្ចប្រជុំដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
២.អានសេចក្តីសម្រេចលេខ០២០/២២ សសរ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដោយ លោក ចៅ មុន្នីរ៉ា នាយករដ្ឋបាលសាលាខេត្ត។
៣.ការពិនិត្យលើសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំ ត្រីមាស១ ឆ្នាំ២០២២។
៤.មតិចូលរួមរបស់សមាជិក សមាជិកា។
៥.មតិបូកសរុប និងបិទកិច្ចប្រជុំដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក ស្វាយ សំអ៊ាង ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាមក្រុង/ស្រុក នានាក្នុងខេត្តស្ទឹងត្រែង ពិសេសកិច្ចការចំពោះមុខ លោក អភិបាលខេត្ត ជម្រុញបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំការពារសុខសន្តិភាព និងសណ្ដាប់ធ្នាប់នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែរនឹងខិតជិតមកដល់នៅថ្ងៃខាងមុខ និងការផ្ដល់ប័ណ្ណព័ត៌មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ព្រមទាំងផែនការចាំបាច់មួយចំនួនឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ និងឆ្នាំ២០២៤។
បានមានប្រសាសន៍ បូកសរុបនៃកិច្ចប្រជុំ លោក ស្វាយ សំអ៊ាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាយន្តការក្នុងក្របខណ្ឌគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍បោះឆ្នោត ដែលបានអនុវត្តកន្លងមកដោយយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមកដោយទទួលបានលទ្ធផលល្អប្រសើរ៕