ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខនេះ ស្ថានីយរថភ្លើង រ៉ូយ៉ាល់ រៀលវ៉េ ខេមបូឌា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានបើកឱ្យដំណើរការឡើងវិញហើយ ដើម្បីបម្រើឱ្យការដឹកជញ្ជូនអ្នកដំណើរពីរាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន៦ រួមមាន៖ ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង កំពត កែប និងខេត្តព្រះសីហនុុ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងខ្សែអ្នកដំណើរ នៃរ៉ូយ៉ាល់ ត្រេនសឃ្វែរ (Royal Train Square) កញ្ញា សក់ វណ្ណនី ។
ប្រភពដដែល បានបន្ថែមទៀតថា ក្រោយជូនដំណឹងតាមរយៈបណ្តាញសង្គមនានា អំពីដាក់ឲ្យដំណើរការរថភ្លើងឡើងវិញមកដល់ពេលនេះ ឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាបញ្ជាទិញ និងកក់សំបុត្រទុកជាបន្តបន្ទាប់ ដើម្បីត្រៀមចេញទៅខេត្ត ក្នុងគោលបំណងធ្វើដំណើរកម្សាន្ត និងទៅស្រុកកំណើតជាដើម។
អ្នកគ្រប់គ្រងរូបនេះ បន្តថា ការបើកឱ្យដំណើរការឡើងវិញក្នុងពេលនេះ មានតែមួយជើងប៉ុណ្ណោះក្នុងមួយថ្ងៃ គឺម៉ោង ៦និង៤០នាទីព្រឹក សម្រាប់ការចេញដំណើរទៅកាន់ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង និង៧ព្រឹក ទៅកាន់ខេត្តកំពត កែប និងព្រះសីហនុ។ កញ្ញាបានបន្តថា ប្រសិនបើអ្នកដំណើរនៅតែបន្តគាំទ្រការធ្វើដំណើរដោយរថភ្លើងដូចថ្ងៃចាប់ផ្ដើម ក្រុមហ៊ុននឹងបើកឲ្យដំណើរឲ្យបានច្រើនជើង និងទៀងទាត់ឡើងវិញ។
សូមជម្រាបថា ការបើកឱ្យដំណើរការផ្លូវដែកនេះឡើងវិញ រថភ្លើងបើកទទួលតែអ្នកដំណើរប៉ុណ្ណោះ ដោយមិនមានទទួលដាក់រថយន្ត ឬទោចក្រយានយន្តដូចមុននោះទេ ដោយសារការបើកដំណើរការពេលនេះ គឺតេស្តសាកល្បង បន្ទាប់ពីផ្អាកមួយរយៈពេលធំ ដោយសារវិបត្តិកូវីដ-១៩។
គួរបញ្ជាក់ថា ទាក់ទងនឹងតម្លៃសំបុត្រ ធ្វើដំណើរចាកចេញសម្រាប់មនុស្សម្នាក់ ពីភ្នំពេញទៅកាន់ខេត្តតាកែវ តម្លៃ ២៤ ០០០រៀល ឬ ៦ដុល្លារអាម៉េរិក, ខេត្តពោធិ៍សាត់ ២៨ ០០០រៀល ឬ ៧ដុល្លារ, ខេត្តបាត់ដំបង ៣២ ០០០រៀល ឬ ៨ដុល្លារ, ខេត្តកំពត និងខេត្តកែប មានតម្លៃដូចគ្នា គឺ៣៦ ០០០រៀល ឬ៩ដុល្លារ និងខេត្តព្រះសីហនុតម្លៃ ៤០ ០០០រៀល ឬ ១០ដុល្លារ៕
ដោយ៖សហការី