ភ្នំពេញ : បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា់ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនូវសីលធម៌ទាំង ១០យ៉ាងរបស់អ្នកបើកបរ ដែលអ្នកបើកបរគ្រប់រូបងាយចងចាំ និងអនុវត្ត។
សម្តេចក្រឡាហោម មានប្រសាសន៍ក្រើនរំលឹកបែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៣ ដែលប្រារព្ធធ្វើឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ។
ដែលសម្តេចក្រឡាហោម បានលើកឡើងនូវវិធានការទាំង១០យ៉ាង រួមមាន៖
ទី១៖ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត
ទី២៖មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត
ទី៣៖មិនត្រូវបើកបរស្ថិតក្នុងឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត
ទី៤៖មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនជាដាច់ខាត
ទី៥៖ មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកជាដាច់ខាត
ទី៦៖ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
ទី៧៖ត្រូវពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាពជានិច្ច
ទី៨៖ ត្រូវប្រកាន់ស្តាំជានិច្ច
ទី៩៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសជានិច្ច
ទី១០៖ ត្រូវប្រុងប្រយ័ត្នជានិច្ច។
សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថាទាំងនេះជាសីលធម៌ ក៏ដូចជាវិន័យរបស់អ្នកបើកបរដែលអ្នកបើកបរគ្រប់រូបត្រូវតែចងចាំដើម្បីជាការដាស់តឿនរំលឹកស្មារតីជាប់ជាប្រចាំការពារអាយុជីវិតពេលបើកបរ៕
ដោយ៖ សិលា