ខេត្ដឧត្ដរមានជ័យ៖ នាយទាហ៊ាន ម្នាក់មានតួរនាទីជាមេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ ៦ នាំប្រពន្ធមកលេងផ្ទះមិត្តភក្រ្ដ មិនដឹងស្លាប់តាំងពីពេលណាព្រឹកឡើងទើបប្រពន្ធដឹង។
ហេតុការណ៍កើតឡើងនៅ វេលាម៉ោង៤.០០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ មានករណីមនុស្ស ដេកស្លាប់ នៅភូមិ អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សពជនរងគ្រោះ ឈ្មោះ ជា ចេក ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាមេបញ្ជាការរង កងពលតូចលេខ៦ មានទីលំនៅ ភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រោយពីលោកគ្រូពេទ្យត្រួតពិនិត្យធ្វើកោសល្យវិច័យ បញ្ជាក់អោយឃើញថា សពជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង ។
ដំណើររឿង ជនរងគ្រោះឈ្មោះ ជា ចេក ព្រមទាំងភរិយាបានចេញពីខេត្តសៀមរាប មកលេងផ្ទះមិត្តភ័ក្ត្រ ឈ្មោះ ធិម សារី មុខរបរមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅភូមិ ឃុំកើតហេតុខាងលើ លុះដល់ម៉ោង៦ល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានហូបបាយហើយផឹកស៊ីជាមួយគ្នា រហូតដល់ម៉ោង៩យប់ឈប់ ហើយសម្រាកនៅផ្ទះមិត្តភ័ក្ត្រ លុះដល់ម៉ោងបួនទាបភ្លឺប្រពន្ធជនរងគ្រោះបានចេញពីបន្ទប់ដេកមកខាងក្រៅដោយសារក្តៅស្អុះមួយភ្លេតហើយចូលក្នុងបន្ទប់វិញស្រាប់តែឃើញប្តីដេកស្តូកស្តឹង ហើយចាប់អង្រួនតែមិនដឹងខ្លួន ក៏ស្រែកហៅម្ចាស់ផ្ទះអោយជួយពេលនោះពួកម្ចាស់ផ្ទះទៅមើលឃើញថាស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ អោយក្រុមគ្រួសារ ដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕
ដោយ៖ប៉ែន នួន