ពលរដ្ឋអ៊ុយក្រែនរស់នៅក្នុងសាធារណរដ្ឋឆេកទទួលបានការហ្វឹកហាត់បាញ់កាំភ្លើងដោយអត់គិតថ្លៃ ។ ស្ត្រីជនជាតិអ៊ុយក្រែនឈ្មោះ Olha Dembitska បានលើកឡើងថា ក្នុងជីវិតរបស់នាងទើបតែស្គាល់រសជាតិបាញ់កាំភ្លើង ដោយប្រើកាំភ្លើង AK-47 ហើយបាញ់មួយគ្រាប់ចំគោលដៅតែម្តង។
នាង Olha Dembitska គឺជាមនុស្សម្នាក់ក្នុងចំណោម១៣០នាក់ដែលបានចូលរួមហ្វឹកហាត់បាញ់កាំភ្លើងបានលើកឡើងថា «ខ្ញុំអាចទៅកាន់អ៊ុយក្រែន ប្រសិនបើពួកគាត់ត្រូវការខ្ញុំ»។
ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergey Lavrov បានលើកឡើងថា សកម្មភាពយោធារបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន គឺដើម្បីបិទបញ្ចប់សណ្តាប់ធ្នាប់ពិភពលោក ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក។
លោកប្រមុខការទូតរុស្ស៉ី បានធ្វើអធិប្បាយដូចខាងលើ គឺក្នុងអំឡុងធ្វើបទសម្ភាសន៍មួយ ដែលចេញផ្សាយដោយស្ថានីយទូរទស្សន៍ព័ត៌មានរុស្ស៉ី រ៉ូស្ស៉ីយ៉ា ២៤ (Rossiya 24) កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ លោក Lavrov បានថ្លែងដូច្នេះថា «ប្រតិបត្តិការយោធាពិសេសរបស់យើង គឺដើម្បីបញ្ចប់ការវាតទីរបស់អង្គការ NATO ក៏ដូចជាមហិច្ឆតាចង់គ្រប់គ្រងពិភពលោកទាំងមូលរបស់សហរដ្ឋអាមេរិក»។
លោក Lavrov បានបន្តថា ទីក្រុងវ៉ាស៉ីនតោនបាននិងកំពុងបន្ត អនុវត្តនូវសណ្តាប់ពិភពលោកដែលបម្រើតែផលប្រយោជន៍របស់ខ្លួន ហើយបំពានច្បាប់អន្តរជាតិដោយឥតកោតក្រែង។ បើតាមលោក Lavrov រុស្ស៉ីស្ថិតក្នុងចំណោមប្រទេសដែលនឹងមិនចុះញ៉មចំពោះឆន្ទៈរបស់អាមេរិកជាដាច់ខាត ហើយនឹងមិនអនុញ្ញាតឱ្យក្រុមលោកខាងលិចព្រងើយកន្តើយចំពោះក្តីបារម្ភស្របច្បាប់របស់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនោះឡើយ៕ ដោយធីរីណា
រូបថត : AP