ក្រោយពេលប៉ូលិសថៃ បើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរមនុស្សឆ្លងដែន គឺជនជាតិរ៉ូហ៊ីនយ៉ា ត្រូវបានធ្វើឲ្យក្រុមជួញដូរ មនុស្សបោះបង់ចោល នៅកណ្តាលព្រៃក្នុងខេត្ត Chumporn ក្នុងប្រទេសថៃ ។
យោងតាមមន្ត្រីប៉ូលីសថៃម្នាក់នៅក្នុងខេត្ត Chumpornភាគខាងត្បូងប្រទេសថៃបានឲ្យដឹងថា ជនភៀសខ្លួនរ៉ូហ៊ីនយ៉ា១៤នាក់ រួមទាំងក្មេងតូចៗផង ត្រូវបានគេរកឃើញនៅក្នុងព្រៃនៅវេលាម៉ោងប្រមាណជា៦ព្រឹក គឺក្រុមជនជាតិរ៉ូហ៊ីនយ៉ាដែលត្រូវបានពួកមេខ្យល់ បោះបង់ចោលនៅក្បែរប៉ុស្តិ៍ប៉ូលិសមួយ ។ មន្ត្រីប៉ូលិសថៃបានគូសបញ្ជាក់ទៀតថា ពួករ៉ូហ៊ីនយ៉ាទាំងនោះបានធ្វើដំណើរចូលមកក្នុងប្រទេសថៃតាមផ្លូវគោកដោយជិះរថយន្តក្រុង ឬរថយន្តដឹកទំនិញបើកបរដោយពួកអ្នករត់ពន្ធមនុស្ស។
កាលពីខែឧសភា ឆ្នាំ២០១៥ ដោយការភិតភ័យចំពោះនយោបាយថ្មីរបស់ប្រទេសថៃក្នុងការបង្ក្រាបតាមចាប់អ្នកជួញដូរមនុស្ស ពួកគេក៏បានសម្រេចចិត្តបោះបង់ចោលជនអន្តោប្រវេសន៍រាប់ពាន់នាក់នៅក្នុងឈូងសមុទ្របឹងហ្គាល់។
គួររំលឹកថា ប្រទេសថៃគឺជាច្រកដ៏សំខាន់មួយរបស់ជនភៀសខ្លួនដើម្បីធ្វើដំណើរទៅកាន់ម៉ាឡេស៊ី។ ប៉ុន្តែឥឡូវនេះអាជ្ញាធរថៃបានរឹតបន្តឹងការត្រួតពិនិត្យនៅតាមគ្រប់ច្រកល្ហក់ដូចជាតាមបណ្តោយព្រំដែនទាំងជើងគោគនិងទាំងជើងទឹក ដូច្នេះហើយបានជាជនភៀសខ្លួនរ៉ូហ៊ីនយ៉ាភាគច្រើនធ្វើដំណើរតាមផ្លូវគោកវិញម្តង។
ម្យ៉ាងទៀតនៅមីយ៉ាន់ម៉ាពួកអ្នកកាន់ពុទ្ធសាសនាជ្រុលនិយមកាន់តែបង្កើនអំពើហិង្សាកោងកាចយ៉ាងខ្លាំងធ្វើទៅលើសហគមន៍មុស្លីមរ៉ូហ៊ីនយ៉ា ជាពិសេស អំពើហិង្សានៅឆ្នាំ២០១២ បានសម្លាប់ជីវិតមនុស្សជាង២០០នាក់និងបណ្តាលឲ្យជនរងរបួសជាង១៤ម៉ឺននាក់ភាគច្រើនជាជនមូស្លីម។
ដោយសារអំពើរើសអើងពូជសាសន៍និងអំពើហិង្សានេះហើយបានជាជនភៀសខ្លួនរ៉ូហ៊ីនយ៉ារាប់ពាន់នាក់អំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះបានសម្រេចចិត្តរត់គេចចេញពី ប្រទេសមីយ៉ាន់ម៉ាតាមផ្លូវសមុទ្រដើម្បីរត់ទៅកាន់ប្រទេសម៉ាឡេស៊ី៕
ប្រែសម្រួល៖ ម៉ែវ សាធី