គ.ជ.ប បញ្ចប់​ដំណើរការ​ពិនិត្យ​ចំពោះបណ្តឹង​បញ្ជី​បេក្ខជន ​ខណៈបញ្ជី​បេក្ខជន​ចំនួន ១៣ ត្រូវ​បាន​លុប

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា ដំណើរការពិនិត្យលើបណ្តឹងចំពោះបញ្ជីបេក្ខជនគណបក្ស នយោបាយនៅទូទាំងប្រទេសត្រូវបានបញ្ចប់ ខណៈបញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ១៣បញ្ជី និងបេក្ខជនចំនួន៨៦នាក់ ត្រូវបានលុប។

លោក ហង្ស ពុទ្ធា ឲ្យដឹងនៅ​ថ្ងៃទី១៨ ខែមេសានេះថា ​
បន្ទាប់ពីដំណើរការប្តឹងតវ៉ាទៅលើបញ្ជីបេក្ខជន និងបេក្ខជន បានបញ្ចប់រួចរាល់នោះគិតមកទល់ពេលនេះ ដំណាក់កាលពិនិត្យទៅលើបណ្តឹង​របស់​គណបក្ស​នយោបាយ ​និងប្រជាពលរដ្ឋបានបញ្ចប់រួចរាល់ ១០០ភាគរយ។ លោកបន្តថា បន្ទាប់ពី គ.ជ.ប បានបើកសវនាការសាធារណៈ ​មានបេក្ខជនចំនួន៨៦នាក់ និង​បញ្ជី​បេក្ខជនចំនួន ១៣ ត្រូវបានលុបចេញពីបញ្ជីបោះឆ្នោត​គណៈកម្មការឃុំ-សង្កាត់រៀបចំការ​បោះឆ្នោត។

លោកអ្នកនាំពាក្យឲ្យដឹងទៀតថា បេក្ខជនចំនួន ៨៦នាក់ ត្រូវបាន​លុបមក​ពីគណបក្សភ្លើងទៀន និង​បញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ​១៣បញ្ជី​ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត រួមមាន បញ្ជី​បេក្ខជនគណបក្សភ្លើងទៀនចំនួន១១​ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យចំនួន១ និង​គណបក្សឆន្ទៈខ្មែរចំនួន១។

ក្នុងដំណាក់កាលទទួលការចុះឈ្មោះបេក្ខជន ​និងដាក់បញ្ជីបេក្ខជនគណបក្សនយោបាយ​ លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ​ក្នុងចំណោមឃុំ-សង្កាត់សរុបនៅទូទាំងប្រទេសមានចំនួនជាង​៦០ភាគ​រយ​បានរៀបចំដាក់បេក្ខជនត្រឹមត្រូវតាមនីតិវិធី និងបានប្រកាសសុពលភាពបញ្ជីបេក្ខជនផ្លូវ​ការ​រួចរាល់ជាស្ថាពរ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២ និង​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត១០លាននាក់ ខណៈការិយាល័យដំណើរ​ការរៀបចំ​ការបោះឆ្នោតនាពេលខាងមុខ មានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំង​ប្រទេស​សរុបចំនួន ១.៦៥២ឃុំ-សង្កាត់៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print