ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅមុខក្លិបកម្សាន្ត DOT កាលពីថ្ងៃទី១៨ មេសាសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ លោកគួច សុភា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌសែនសុខបានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ខែមេសាឆ្នាំ២០២២នេះថា៖ ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅ​មុខ​ក្លិប​កម្សាន្ត DOT ក្នុងខណ្ឌសែនសុខកាលពីយប់ថ្ងៃទី១៨ខែមេសានោះ ពេលនេះកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់ខ្លួនបានមនុស្សប្រុសស្រី០៦នាក់យកទៅសាកសួរកាលពីវេលា​ម៉ោង​៣​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២ នៅចំណុចក្លិប​កម្សាន្ត​យីហោ «DOT» ផ្លូវ​លេខ១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ លោកអធិការរងខណ្ឌបានបន្តឱ្យដឹងទៀតថា រហូតមកដល់ពេលនេះខាងជំនាញកំពុងតែសាកសួរដើម្បីឈានដល់ការឃាត់ខ្លួនជនដៃដល់ដែលជាអ្នកបាញ់បោះជាច្រើនគ្រាប់នោះ។ លោកអធិការរងបានបញ្ជាក់ថា មនុស្សប្រុសស្រីទាំង៦នាក់ដែលឃាត់ខ្លួននោះមិនមែនជាអ្នកប្រព្រឹត្តនោះទេគឺគ្រាន់តែពួកគេជាប់ពាក់ព័ន្ធចូលទៅរាំលេងក្នុងក្លិបនោះតែប៉ុណ្ណោះ។ បច្ចុប្បន្នកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខកំពុងតែធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនជនបង្កឱ្យខាងតែបានដើម្បីយកមកកាត់ទោសតាមច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា នៅ​ក្នុង​រថយន្ត ជនសង្ស័យ​មាន​កាត​សម្គាល់​ខ្លួន​ដែល​មានឈ្មោះ សុខ បាន​អឺ​ន ឋានន្តរស័ក្ដិ ពលបាលត្រី នៃកងឯកភាពកងពលតូច​លេខ៧០ និង​បណ្ណ​សម្គាល់​កាំភ្លើងខ្លី​
ស​មូលភាព ម៉ាក BERETTA លេខ PZ 21162 ទៀត​ផង ។ នៅក្នុង​ហេតុការណ៍​នេះ​ដែរ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា តើ​ជា​ករណី​អ្វី​ឱ្យប្រាកដ​នោះនៅឡើយ​ទេ។
សូមរំលឹកថា កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២២ មាន​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​មួយ​ក្រុមបាន​ចូល​ទៅ​ផឹកស៊ី និង​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​ក្លិប​កើតហេតុ​ខាងលើ លុះ​ពេល​ស្រវឹង​រៀង​ៗ​ខ្លួន ក៏​ចេញ​មក​ក្រៅ​វិញ ហើយ​មិនដឹង​ថាតើ​ក្រុម​ជនសង្ស័យ​នោះ​មានរឿង​អ្វី​នៅ​ក្នុង​ក្លិប​នោះ​ទេបានជាពេលដើរមក​ដល់​រថយន្ត​ខ្លួន​ម៉ាក Landcruiser ពណ៌​ស ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-9328 ក៏​បាន​ដក​កាំភ្លើងខ្លី​បាញ់​មេឃ​ជា​ច្រើន​គ្រា​ប់ (​ចន្លោះ​ពី​៦​ទៅ​៧​គ្រា​ប់​) បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​គ្រប់​ៗ​គ្នា​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​បង្កហេតុ​រួច ជនសង្ស័យ​ក៏​បាន​បើករថយន្ត​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្តង​។ ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ចនៃ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ បាន​ចុះ​មក​ដល់ទីតាំង​ខាងលើដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​កំណត់​អត្តសញ្ញាណ​តាម​នីតិវិធី​ជំនាញ រួច​ក៏​ត្រឡប់​ទៅ​វិញ​អស់​ទៅ។
ប្រភព​ដដែល​បន្ត​ទៀត​ថា លុះដល់​យប់​កើតហេតុ គឺ​នៅម៉ោង​៣​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី​១៩ ខែមេសា ជន​បង្ក​ខាងលើ និង​បក្សពួក​ប្រុស​ស្រី​បាន​ត្រឡប់​មក​ផឹកស៊ី​ក្នុង​ក្លិបកើតហេតុ​ខាងលើ​នោះ​ម្តងទៀត ទើបត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ចំនួន​០២​នាក់ និង​ស្រី​ចំនួន​០៤​នាក់ នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សួរនាំ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print