ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមបណ្តោយផ្លូវមុនីរ៉េត បានសម្តែងការមិនពេញចិត្ត ចំពោះក្រុមអាជីវករមួយចំនួនតូច ដែលបានយកផ្លូវមុនីរ៉េត ប្រើប្រាស់ ដាក់តាំងលក់ទំនិញ ត្រី សាច់ បន្លែ និងផ្លែឈើ គ្មានសណ្តាប់ធ្នាប់ យ៉ាងអនាធិបតេយ្យ បង្កឱ្យមានការកកស្ទះចរាចរណ៍ជារៀលរាល់ថ្ងៃ ជាពិសេសនៅចំណុចផ្សារក្រមួនក្បែរស្តុបស្ពានដែកចំការដូង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មិនឃើញមានអាជ្ញាធរពាក់ព័ន្ធចុះអប់រំណែនាំ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះឡើយ ។
ប្រជាពលរដ្ឋ ដែលតែងតែធ្វើដំណើរតាមផ្លូវមុនីរ៉េត បានរអ៊ូរទាំថា ដោយសារតែក្រុមអាជីករមួយចំនួន បានយកផ្លូវប្រើប្រាស់ស្ទើរតែពាក់កណ្តាលទៅហើយ ដើម្បីដាក់តាំងលក់ទំនិញផ្សេងៗ បង្កឱ្យនៅចំណុចខាងលើនេះ តែងតែមានការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសនៅក្បែរភ្លើងស្តុបផ្លូវបំបែកជាបួន ដែលជាចំណុចប្រសព្វ និងមមាញឹកទៅដោយរថយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ មិនថារថយន្តដឹកទំនិញធុនធំៗ និងរថយន្តគ្រួសារ ព្រមទាំងអ្នកដំណើរតាមម៉ូតូផងដែរ។
ប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក៏បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះពិនិត្យតាមបណ្តោយផ្លូវមុនីរ៉េតនេះផង ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍។ បងប្អូនប្រជាពលរដ្ឋ បានលើកឡើងថា ក្រៅពីការដាក់តាំងលក់គ្មានសណ្តាប់ធ្នាប់ មិនមានរបៀបរៀបរយយ៉ាងអនាធិបតេយ្យបែបនេះ ក៏មានអ្នកយកម៉ូតូ ម៉ូតូកង់បីឥណ្ឌា និងម៉ូតូសណ្តោងរឺម៉ក មកចតចោលបន្ថែមទៀត ទើបធ្វើឱ្យផ្លូវមុនីរ៉េតសម្រាប់ធ្វើដំណើរនេះ កាន់តែរួមតូចចង្អៀតពិបាកធ្វើដំណើរយ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋក៏ទទូចចង់ឱ្យអាជ្ញាធរមូលដ្ឋានមានវិធានការ ចំពោះក្រុមអាជីវករ ដែលបានប្រើប្រាស់ផ្លូវដាក់តាំងលក់ទំនិញគ្រប់ប្រភេទ ដែលបង្កឱ្យមានជាការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃបែបនេះ៕
ដោយ ៖ ភារ៉ា ដង្កោ