កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្តនិងអេឡិចត្រូនិក

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ លោក សុខ ចិន្ដាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា,  លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, អ្នកជំនាញការនៃក្រុមហ៊ុនផ្តល់សេវាប្រឹក្សា Boston Consulting Group (BCG) និងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP នៃ ក.អ.ក. សរុបចំនួនប្រមាណ ១២០រូប។ កិច្ចប្រជុំពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្តនិងអេឡិចត្រូនិក និងតម្រង់ទិសការអនុវត្តការងារនេះបន្ត។

សេចក្តីព្រាងផែនទីបង្ហាញផ្លូវទាំងពីរនេះ គឺជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ដែលមានតំណាងមកពីក្រសួង ស្ថាប័នចំនួន៨  រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងរ៉ែ និងថាមពល, និងក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,  ក្រោមជំនួយបច្ចេកទេសនៃកម្មវិធីពន្លឿនការគាំទ្រសេដ្ឋកិច្ចក្នុងដំណាក់កាលជំងឺកូវីដ-១៩ (Accelerated COVID-19 Economic Support-ACES) របស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាប្រឹក្សា BCG ដែលត្រូវបានចាប់ផ្តើមរៀបចំឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។ គោលដៅសំខាន់ក្នុងការរៀបចំផែនទីបង្ហាញផ្លូវនេះឡើង គឺដើម្បីកំណត់តួនាទី និងតម្រង់ទិសការចូលរួមរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាអាទិភាព ឱ្យមានភាពប្រទាក់ក្រឡាគ្នា ព្រមទាំងដើម្បីបង្ហាញដល់វិនិយោគិននូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក។ 

សូមជម្រាបថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជានេះ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជាអ្នកវិនិយោគ និងតួអង្គពាក់ព័ន្ធសំខាន់ៗក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ៕

ដោយ : សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print