ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីក្រសួង បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២០ ខែមេសា ឆ្នាំ២០២២នេះថា៖ ក្រុមអ្នកអភិរក្សជីវៈចម្រុះនៃក្រសួងបរិស្ថាន បានប្រមូល និងកំណត់អត្ថសញ្ញាណ ថនិកសត្វធំចំនួន៧ប្រភេទ ពពួកប្រចៀវចំនួន១៤ប្រភេទ បក្សីចំនួន៩៧ ប្រភេទ ល្មូននិងថលជលិកចំនួន៣៨ប្រភេទ សត្វល្អិតក្នុងទឹកបានប្រមូលជាសំណាកចំនួន១៨កែវ និង៥៤បំពង់តូចចំនួន៩៧ បំពង់។
ក្រសួង បានឱ្យដឹងទៀតថា ក្នុងពេលចុះធ្វើការសិក្សាស្រាវជ្រាវ និងវាយតម្លៃពីស្ថានភាពជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី ដើម្បីរៀបចំចងក្រងជាឯកសារ ដើម្បីដាក់ភ្នំណាមលៀរ ជាតំបន់ភូគព្ភសាស្ត្រ (Geopark) នៃអង្គការយូណេស្កូ (UNESCO)។
គួររម្លឹកផងដែរថា ក្រសួងបរិស្ថាន អ្នកស្រាវជ្រាវបានធ្វើការបែងចែកជាក្រុមរួមមាន ៖ ក្រុមថនិកសត្វធំ ក្រុមប្រចៀវនិងជ្រឹង ក្រុមសត្វស្លាប ក្រុមល្មូននិងថលជលិក ក្រុមសត្វល្អិតក្នុងទឹក ពពួកសប្បីសត្វ (Mollusc) និងក្រុមរុក្ខជាតិ។ ក្រុមនីមួយៗបានប្រើប្រាស់វិធីសាស្រ្តសិក្សាទៅតាមជំនាញរៀងៗខ្លួនដូចជា៖ ការដាក់កាមេរ៉ាថតរូបស្វ័យប្រវត្តិ ខ្សែបន្ទាត់ត្រង់ស៊ិក, ការដាក់អន្ទាក់មង (Mist nets) និងអន្ទាក់ចាប់តាមផ្លូវ (Harp-traps) នៅពេលយប់, ការស្តាប់សំលេង ការមើលដោយកែវឆ្លុះ (binoculars) ការប្រើប្រាស់សំណាញ់ដួសដោយដៃ ការដាក់ជម្រកសប្បនិមិ្មត (Artificial method) និងការជួបសម្ភាសន៍ផ្ទាល់ជាមួយប្រជាជននៅតំបន់នោះផងដែរ៕
ដោយ៖ស តារា