ភ្នំពេញ៖ មន្ដ្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះថា៖ ចាប់ពីពេលនេះតទៅ នៅរដូវភ្លៀងខាងមុខនេះ ក្នុង១ម៉ោងតំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជានៅជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ៩២ ផ្លូវលេខ៥៩៦ ផ្លូវលេខ ៥៩២ ផ្លូវលេខ៣១៥ ផ្លូវលេខ២៨៩ ផ្លូវលេខ២៨៧ ផ្លូវលេខ៦០៨ ភ្លើងស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី ភ្លើងស្តុបផ្ទះសំណាក់ស្រែលាភ…មិនលិចលង់ទៀតទេ ក្រោយពីសមិទ្ធផលនៃគម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញ ជាជំនួយឥត សំណងរបស់ប្រទេសជប៉ុនត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅពេលនេះ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងដែរថា៖ សមិទ្ធផលនៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូ ក្នុងរាជធានីភ្នំពេញជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនជំហានទី៤ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០២២នេះ ។ គម្រោងនេះ បាននិងកំពុងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញនិងខាងជើងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ ក្នុងខណ្ឌទួលគោក ដោយបានចំណាយថវិកាអស់ចំនួន ៣.៦៨០. ៦០៨.០០០យ៉េនជប៉ុន ត្រូវជាប្រមាណ៣៦លានដុល្លារអាមេរិក។ ការងាររួមមាន៖ ១-ស្ថាបនាដាក់បណ្តាញលូខ្នាតធំ ប្រវែង១២.៦គម។ ២-សាងសង់អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទំហំបណ្តោយ១៣៥ម ទទឹង ១៣.៥ម ជម្រៅ៤ម មានសមត្ថភាពស្តុកទឹកបាន៦.៥០០ម៉ែត្រគូប និងសង់ស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។ ៣-បំពាក់ម៉ា
សុីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន៥កន្លែងនៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគម្លង់១ សួនច្បារព្រះគម្លង់២ និងសាលសន្និសីទចតុមុខ។ ៤-ជំនួយរថយន្តបូមទឹកចល័តចំនួន២គ្រឿង។
លោកបញ្ជាក់ថា៖ តាមរយៈនៃការដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកាលពីខែតុលា វិច្ឆិកាឆ្នាំ២០២១កន្លងមក ឃើញថា ក្នុងករណីភ្លៀងធ្លាក់កម្រិតក្រោម៤០ម.ម.ក្នុង១ម៉ោង តំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជាជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ ផ្លូវលេខ៥៩៦ ផ្លូវលេខ៥៩២ ផ្លូវលេខ៣១៥ ផ្លូវលេខ២៨៩ ផ្លូវលេខ២៨៧ ផ្លូវលេខ ៦០៨ ភ្លើងស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី ភ្លើងស្តុបផ្ទះសំណាក់ស្រែលាភ…មិនលិចលង់ទៀតទេ ប៉ុន្តែបើករណីភ្លៀងធ្លាក់ខ្លាំងលើសពី៤០ម.ម.ក្នុង១ម៉ោង ទឹកដែលធ្លាប់លិចលង់រយៈពេល៣ម៉ោងទៅ៤ម៉ោង បានកាត់បន្ថយមកនៅត្រឹម៣០នាទីទៅ១ម៉ោងប៉ុណ្ណោះ៕
ដោយ៖ សំរិត