រថយន្តFord Ranger បុករថយន្តTundra ពីក្រោយរួចរុញទៅបុកឡំប្រឺតាមួយគ្រឿងទៀតរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបើករថយន្តម៉ាក Ford Ranger ជ្រុលទៅបុកពីក្រោយរថយន្តTundra និងឡំប្រឺតា ដែលកំពុងឈប់ចាំភ្លើងស្តុបពណ៌ខៀវ បណ្ដាលឱ្យរងការខូចខាតកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខមន្ទីរពេទ្យ អង្គដួង តាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បើកឡំប្រឺតាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HZ- 3491 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្ដមក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុក៏ឈប់ចាំភ្លើងស្តុបពណ៌ខៀវ ហើយជាមួយគ្នានោះដែរក៏មានបុរសម្នាក់បើករថយន្តម៉ាកTundra ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-3939 បើកមកឈប់ពីក្រោយឡំប្រឺតា ។ ភ្លាមៗនោះដែរក៏មានស្ត្រីម្នាក់បានបើករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-3756 មិនប្រយ័ត្នក៏ទៅបុករថយន្ត Tundra ពីក្រោយ រួចរុញបន្តទៅបុកឡំប្រឺតាថែមទៀត បណ្ដាលឱ្យរងការខូចខាតទាំងបីគ្រឿង តែមិនសូវខូចខាតធ្ងន់ធ្ងរនោះទេ និងក៏មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះដែរ ។
ក្រោយកើតហេតុ ស្ត្រីជាអ្នកបើករថយន្តបង្កបានចុះទៅសម្របសម្រួលជាមួយភាគីរងគ្រោះទាំងអស់ ហើយជាចុងក្រោយ ស្ត្រីជាអ្នកបង្កហេតុបានសងថ្លៃខូចខាតទៅលើភាគីខាងឡំប្រឺតាចំនួន៥០$ និងភាគីរថយន្តរងគ្រោះម៉ាក Tundra ចំនួន២០០$ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print