ភ្នំពេញ : នាព្រឹកថ្ងៃព្រហសត្ប៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ឯក ពៅ ផារី នាយរងសេនាធិការចម្រុះ ខ.ភ.ម មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជា្កការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានបន្តបើកយុទ្ធនាការពិសេសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញជូនប្រជាពលរដ្ឋរួមទាំងកម្មករ កម្មការនីដែលរស់នៅនិងធ្វើការងារនៅស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
ក្នុងឱកាសនោះ លោក ពៅ ផារី មានប្រសាសន៍បញ្ចាក់ ដោយផ្ដោតលើការងារសំខាន់ៗចំពោះមុខជាអាទិ៍ ៖ យុទ្ធនាការលើកនេះជាយុទ្ធនាការពិសេស-ប្រញាប់ហើយកំណត់ថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល ១០ថ្ងៃ (ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា) គោលដៅសម្រាប់ក្រុមគ្រូពេទ្យវិស្វកម្មចាក់វ៉ាក់សាំង គឺនៅបណ្ដាឃុំ ក្នុងស្រុកអង្គស្នួល ហើយត្រូវពុះពាចាក់វ៉ាក់សាំងជូប្រជាពលរដ្ឋ ចាប់ពីម៉ោង ៧.០០ព្រឹកដល់ម៉ោង ៩.០០យប់។ លក្ខណៈសំខាន់គឺ ៖វ៉ាក់សាំងរត់រកមនុស្ស និងចាក់វ៉ាក់សាំងបណ្ដើរ រុករកមុខសញ្ញាវិជ្ជមានជំងឺកូវីដ-១៩បណ្ដើរ ការដឹកជញ្ជូន-ទុកដាក់-ថែទាំ-និងប្រើប្រាស់វ៉ាក់សាំងឱ្យបានល្អជាប់ជាប្រចាំព្រមទាំងយកចិត្ដទុកដាក់ខិតខំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កុំឱ្យហួសពេលវេលា-ផុតសុពលភាពវ៉ាក់សាំងលើកមុន។ត្រូវរៀបចំទីតាំងចល័តសម្រាប់ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋពីកន្លែងមួយទៅកន្លែងមួយទៀត និងត្រូវបង្កើតល្បឿនក្នុងការចាក់វ៉ាក់សាំងក្នុងមួយថ្ងៃៗ (ឱ្យបានច្រើន និងឆាប់រហ័សបំផុត ) ។
ទន្ទឹមនេះលោកក្រើនរំលឹកដល់ក្រុមការងារនិងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងទាំងអស់ ត្រូវយកចិត្ដបន្ដអនុវត្ដឱ្យបានម៉ឹងម៉ាត់ម៉ត់ចត់ជាប់ជាប្រចាំតាមវិធានការណែនាំថ្មីៗរបស់ក្រសួងសុខាភិបាល ៕
ដោយ : សិលា