ភ្នំពេញ : សេចក្តីជូនដំណឹងលេខ១៥៥ សជណ.អអទ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពីការកែសម្រួលលក្ខខណ្ឌនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចូលមកកម្ពុជា។
ក្រសួងទេសចរណ៍មានកិត្តិយស សូមជម្រាបជូនសមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា “កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងភាពកក់ក្ត” ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួលរយៈពេលនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរអន្តរជាតិ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញដូចខាងក្រោម៖
១. កែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពីរយៈពេល ១៤ ថ្ងៃ មកនៅត្រឹមរយៈពេល ៧ ថ្ងៃ។
២. កែសម្រួលលក្ខខណ្ឌធ្វើតេស្តចំពោះអ្នកធ្វើចត្តាឡីស័កដូចតទៅ៖
ក). អ្នកដំណើរអន្តរជាតិចូលកម្ពុជាតាមផ្លូវអាកាស ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បី បញ្ចប់ការធ្វើចត្តាឡីស័ក។
ខ). អ្នកដំណើរអន្តរជាតិដែលចូលកម្ពុជាតាមផ្លូវគោក ត្រូវធ្វើតេស្តរហ័សចំនួនពីរលើក។ ការធ្វើតេស្តលើកទីមួយ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងការធ្វើតេស្តលើកទីពីរ នៅថ្ងៃទី ៧ នៃការធ្វើចត្តាឡីស័ក ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។
ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សមាគមទេសចរណ៍ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ឋ ផ្សព្វផ្សាយ ព័ត៌មានដ៏សំខាន់ៗនេះដល់ដៃគ្នអន្តរជាតិទាំងអស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិឱ្យ មកទស្សនា “កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្ដៅ” កាន់តែច្រើន.
សេចក្តីជូនដំណឹងនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីពេលនេះតទៅ ៕
ដោយ : សុខ ខេមរា