ភ្នំពេញ÷ បុរសម្នាក់បានបើករថយន្តកុងតឺន័រក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់បែកអស់ជាច្រើនកង់ ចំណែកឯរថយន្តរងការខូចខាតមួយកំណាត់មុខ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង ៥០នាទីព្រលឹមថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ទល់មុខនឹងផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3F-7537 តាមបណ្ដោយផ្លូវ លេខ២៧១ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតទៅបុករះ របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់បែកជាច្រើនកង់ ចំណែកឯរថយន្តវិញរងការខូចខាតមួយកំណាត់មុខ តែសំណាងល្អមិនមាននរណាម្នាក់រងរបួសនោះទេ។ ភ្លាមៗនោះដែរ តៃកុងរថយន្តក៏បានបើកទ្វាររថយន្តចុះហើយរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅបន្សល់ទុកតែរថយន្តនៅកណ្ដាលផ្លូវបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋទើបរាយការណ៍ទៅសមត្ថកិច្ច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់ រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ