ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានឆ្មក់ចុះបង្ក្រាបហាងកាហ្វេបង្កប់ល្បែងស៉ីសងប្រភេទបញ្ជល់មាន់តាមអនឡាញ និងឃាត់ខ្លួនមនុស្សម្នាក់ដែលជាម្ចាស់ទីតាំង ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែងតាមបណ្ដោយផ្លូវជាតិលេខ៥ ជិតភ្លើងស្តុបផ្សារតូច ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីមន្រ្តីជំនាញបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ ហើយមានការអនុញ្ញាតពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចាត់ឱ្យមន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខណ្ឌ បន្តស្រាវជ្រាវស៉ើបអង្កេត រហូតឆ្មក់ចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយដកហូតទូរទស្សន៍ សម្ភារសម្រាប់ ចាក់បញ្ចាំងល្បែងស៉ីសងតាមអនឡាញនេះ។
ក្រោយប្រតិបត្តិការកម្លាំងបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ជាបុរសនាំខ្លួនទៅប៉ុស្តិ៍ទួលសង្កែទី១ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។ ចំណែកអ្នកលេងនិងផឹកកាហ្វេជាង១០នាក់ត្រូវបានអាជ្ញាធរធ្វើការអប់រំនិងឱ្យត្រឡប់ទៅផ្ទះវិញ៕
ដោយ រ៉ារ៉ា