ពិធីប្រកាសដាក់អនុវត្តជាផ្លូវការ ក្នុងនាមរាជរដ្ឋាភិបាលនូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស

ចែករំលែក៖

ភ្នំពេញ : ពិធីប្រកាសដាក់អនុវត្តជាផ្លូវការ ក្នុងនាមរាជរដ្ឋាភិបាលនូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាសដូចខាងក្រោម :

1- ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅសាលាជាតិគយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសហការជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានរៀបចំប្រារព្ធពិធីប្រកាសដាក់អនុវត្តជាផ្លូវការ ក្នុងនាមរាជរដ្ឋាភិបាល នូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System – GTAS) ដែលជាជំនួយហិរញ្ញប្បទានសហប្រតិបត្តិការនៃឧបករណ៍បច្ចេកវិទ្យាព័ត៌មានរបស់អង្គការគយពិភពលោក (World Customs Organization – WCO) ដើម្បីប្រើប្រាស់ក្នុងការទទួលទិន្នន័យព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information – API) និងកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record – PNR) ពីក្រុមហ៊ុនអាកាសរណ៍ជាតិនិងអន្តរជាតិ ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) សម្រាប់វិភាគហានិភ័យអ្នកដំណើរតាមផ្លូវអាកាស។

2- ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នាយឧត្តមសេនីយ៍បណ្ឌិត  ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, និងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា  ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល, មន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានអង្គការគយពិភពលោក, សភាពាណិជ្ជកម្មកម្ពុជា, និងក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា។

3- ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា បានសម្តែងមតិស្វាគមន៍ចំពោះគណៈអធិបតី, អ្នកឧកញ៉ា, លោកឧកញ៉ា, លោក, លោកស្រី, អ្នកនាងកញ្ញា ជាភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះ ដោយផ្ទាល់ និងដោយប្រយោលតាមប្រព័ន្ធ Video Conference។

4- ក្នុងនាមជាមន្រ្តីជួរមុខនៅព្រំដែន រដ្ឋបាលគយនានានៅក្នុងពិភពលោក មានតួនាទីគ្រប់គ្រងចរាចរទំនិញ និងចូលរួមគ្រប់គ្រងរំហូរអ្នកដំណើរ។ ដោយហេតុផលនេះ ទើបអង្គការគយពិភពលោក ជំរុញការប្រើប្រាស់ព័ត៌មាន API/PNR ដើម្បីវិភាគហានិភ័យលើការធ្វើដំណើររបស់បុគ្គលដែលមានហានិភ័យខ្ពស់ ដែលស្របតាមសេចក្ដីសម្រេចជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឆ្លើយតបនឹងបរិការណ៍នេះ ការប្រកាសដាក់អនុវត្តជាផ្លូវការ នូវការប្រើប្រាស់ប្រព័ន្ធ GTAS គឺជាសមិទ្ធផលដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីសន្តិសុខរបស់អង្គការគយពិភពលោក និងស្មារតីនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបណ្តារដ្ឋជាសមាជិក ត្រូវសហការនិងពង្រឹងលើដំណើរការគ្រប់គ្រងសន្តិសុខអ្នកដំណើរតាមផ្លូវអាកាស នៅក្នុងប្រទេស តំបន់ និងពិភពលោក។ ការណ៍នេះ ក៏នឹងផ្តល់នូវផលប្រយោជន៍ជាច្រើនផងដែរ ដល់ការបង្កើនប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនតាមបណ្ដាអាកាសយានដ្ឋានអន្តរជាតិ, លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ និងជំរុញរំហូរភ្ញៀវទេសចរណ៍ ដោយមិនតម្រូវឱ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ ដែលជាការចូលរួមគាំទ្រដល់ ផែនទីចង្អុលផ្លូវ (Roadmap) ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញពីពេលថ្មីៗកន្លងទៅ។

5- ប្រព័ន្ធ GTAS គឺជាឧបករណ៍បច្ចេកវិទ្យាព័ត៌មាន មានភាពស៊ីចង្វាក់ទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ និងមានសមត្ថភាព៖ ទទួលយកទិន្នន័យអ្នកដំណើរតាមផ្លូវអាកាសជាមុន ពីក្រុមហ៊ុនអាកាសចរណ៍, ផ្ដល់ព័ត៌មាន API/PNR ជូនអាជ្ញាធរមានសមត្ថកិច្ច ដោយទាញយកតាមរយៈថ្នាល CamDX ដើម្បីវិភាគហានិភ័យ និងប្រើប្រាស់តាមតួនាទីភារកិច្ចរៀងៗខ្លួន, តាមដានរំហូរព័ត៌មានអ្នកដំណើរ និងទំនិញរបស់អ្នកដំណើរ (Passenger Luggage), ធ្វើសន្ធានកម្មទិន្នន័យ (Interface Link) ជាមួយប្រព័ន្ធដទៃទៀត, និងអភិវឌ្ឍមុខងារបន្ថែមតាមតម្រូវការប្រើប្រាស់។

6- លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្ញើសារកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស, ក្រុមការងាររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ក្រុមការងាររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ក្រុមការងារ CamDX និងបណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ដែលបានផ្ដល់ធាតុចូលដ៏ថ្លៃថ្លា និងសហការធ្វើការងារយ៉ាងហ្មត់ចត់ រហូតសម្រេចបានលទ្ធផលការងារដោយជោគជ័យ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា អាចប្រកាសដាក់អនុវត្តជាផ្លូវការនូវការប្រើប្រាស់ប្រព័ន្ធ GTAS។ បន្ថែមលើនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្ដល់ការណែនាំដល់ក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស បន្តសហការជាមួយវិស័យឯកជនពាក់ព័ន្ធ និងសម្របសម្រួលជាមួយក្រសួង-ស្ថាប័នតាមការចាំបាច់, បន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់តាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីឈានទៅអនុវត្តពេញលេញនូវការប្រើប្រាស់ប្រព័ន្ធ GTAS ដល់គ្រប់បណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិហោះហើរ ចេញ-ចូលព្រះរាជាណាចក្រកម្ពុជា ក្នុងឆមាសទី២ ឆ្នាំ២០២២ ៕

...

ដោយ : សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print