ទាហាន​អ៊ុយក្រែន កំពុងហ្វឹកហាត់ប្រើអាវុធដែលជាជំនួយអង់គ្លេស

ចែករំលែក៖

អន្តរជាតិ​៖​ បេី​យោង​តាមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស​ បានលើកឡើងកាលពីថ្ងៃទី២១ ខែមេសា​ ឆ្នាំ​២០២២ថា៖ ទាហានអ៊ុយក្រែនមួយក្រុមតូច កំពុងតែហ្វឹកហាត់នៅអង់គ្លេសជាលើកដំបូងតាំងពីរុស្ស៊ីបា​នលុ​ក​លុយ​អ៊ុយក្រែនមក។ ខណៈ​អង់គ្លេស​ កំពុងតែបញ្ជូនអាវុធ​ទំនើបៗ​បន្ថែម​ទៀត​ទៅកា​ន់​អ៊ុយក្រែន​ដើម្បី​តតាំងជាមួយរុស្ស៊ី។

សូមជម្រាបថា​ រុស្សី​ បានវាយប្រហារតំបន់ភាគខាងកើតអ៊ុយក្រែនសាជាថ្មី ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យលោកខាងលិចបញ្ជូនអាវុធទំនើបៗជាច្រើនបន្ថែមទៀត ហើយ​ឱ្យ​ទាន់​ពេល​ផងដែរ។ លោកក៏ធ្លាប់បានបញ្ជាក់ថា​ ទាហានអ៊ុយក្រែនមានសមត្ថភាពក្នុងការ​រៀនប្រើ​អាវុធទំនើប​ទាំងនោះក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេស​ បានលើកឡើងបន្ថែមថា៖​ ជាការឆ្លើយតបនឹងសំណើរបស់អ៊ុយក្រែន អង់គ្លេសកំពុងបញ្ជូនរថពាសដែកចំនួន១២០​គ្រឿង​បន្ថែម​ទៀតរួមមានរថពាសដែក Mastiff ដែល​អាច​ប្រើ​ជា​យាន​ឈ្លបយកការណ៍ ឬ​យាន​ល្បាត ចំណែក​ឯសម្ព័ន្ធមិត្តអង់គ្លេសវិញក៏កំពុងបញ្ជូនអាវុធទំនើបៗ ដែលកងកម្លាំងអ៊ុយក្រែនប្រហែល​ជាមិនធ្លាប់​បានប្រើពីមុនផងដែរ។

អ្នកនាំពាក្យ​ បានគូសបញ្ជាក់ថា៖​ «នេះជាការសមហេតុសមផលដែលពួកគេ (ទាហានអ៊ុយក្រែន) ទទួលបានការបណ្តុះបណ្តាល​ចាំបាច់​ក្នុងការប្រើប្រាស់អាវុធឱ្យបានល្អបំផុត។ ពួកយើងក៏ច្បាស់ថា មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹង​បង្កើន​សកម្មភាពលុកលុយផងដែរ»។ អ្នកនាំពាក្យរូបនេះ​ បន្តថា កងទ័ព​អ៊ុយក្រែន ចាប់ផ្តើមហ្វឹកហាត់ប្រើរថពាសដែកល្បាតដែលផ្តល់​ដោយអង់គ្លេស​ក្នុង​ខែមេសា​នេះ។

នៅក្នុងខែមេសា សមាជិកនៃរដ្ឋាភិបាលអ៊ុយក្រែន បានទៅជំរំយោធាមួនៅក្រុង Salisbury របស់​អង់គ្លេស ទីកន្លែងដែលពួកគេត្រូវបានបង្ហាញពីអាវុធផ្សេងៗ និងបានពិភាក្សាអំពីរបៀប​ដែល​រដ្ឋាភិបាលអង់គ្លេសអាចផ្គត់ផ្គង់សព្វាវុធទៅក្រុងកៀវបាន។

គួរបញ្ជាក់ថា​ លោក ចនសុន កន្លងមកក៏បានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយ ប្រធានាធិបតី អ៊ុយក្រែន​ដោយ​បាន​សន្ទនាយ៉ាងទៀងទាត់តាមទូរស័ព្ទ និងព្រមទាំង បានធ្វើដំណើរទៅក្រុងកៀវផ្ទាល់ទៀតផង។ លើ​ស​ពី​នេះ តាំងពីសង្គ្រាមបានចាប់ផ្ដើមមក អង់គ្លេសបានផ្ដល់ប្រព័ន្ធប្រឆាំងនាវា ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ចម្បាំង ព្រមទាំងអាវុធប្រឆាំងរថក្រោះធុនស្រាលជាដើម។ អាវុធទាំងនេះ​បានជួយ​ឱ្យ​កង​កម្លាំង​អ៊ុយក្រែនទប់ទល់នឹងកម្លាំងរុស្សីមួយកម្រិតដែរ៕ដោយ​៖សហការី

...

រូបថត៖ក្រសួងការពារជាតិអង់គ្លេស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print