អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងពេលដ៏ខ្លីខាងមុខនេះ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២២ខែមេសា អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោកស្រី Eri Kaneko បានប្រកាសថា អគ្គលេខាធិការ Antonio Guterresនឹងអញ្ជើញទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចនោះគឺក្នុងគោលដៅស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះបានផ្សាយថា ក្រៅពីនេះអគ្គលេខាធិការ Antonio Guterres នឹងទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាលើកដំបូង គិតចាប់តាំងពីការវាយប្រហាររបស់
រុស្ស៉ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ។
លោកប្រមុខ UN នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅថ្ងៃទី២៦ ខែមេសា ហើយក្រៅពីជួបលោកពូទីន លោកក៏នឹងជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃយ៍ ឡាវរ៉ូវ ផងដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ។ បន្ទាប់មក លោក Guterres នឹងបន្តដំណើរទៅកាន់ទីក្រុងកៀវនៅថ្ងៃទី២៨ ខែមេសា ហើយលោកនឹងជួបជាមួយលោក ហ្សេលេនស្គី ព្រមទាំងរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូបេឡា។
កន្លងមក លោក Guterres បានស្នើឱ្យលោក ពូទីន ទទួលដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងមូស្គូ និងលោកហ្សេលេនស្គី ឱ្យទទួលលោកនៅទីក្រុងកៀវ តាមរយៈលិខិត២ដាច់ដោយឡែកពីគ្នា ដែលបានផ្ញើទៅកាន់ បេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៉ីនិងអ៊ុយក្រែនប្រចាំនៅ UN៕ ដោយធីរីណា