ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការ យោធភូមិភាគពិសេស អមដំណើរដោយ លោក ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈមេបញ្ជាការរងនាយសេនាធិការ បានអញ្ជើញចុះពិនិត្យតាមគោលដៅ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ជូនដល់កម្មករ កម្មការិនី ព្រះសង្ឃ និងជនបរទេស ៣សង្កាត់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានគិតគូរពីសុខទក្ខ សុខមាលភាពរបស់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការទាំងអស់ឲ្យរួចជៀសផុតពីជំងឺរាតត្បាតកូវីដ-១៩ ដោយសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង តាមរយះការបញ្ជាទិញ និងដោយជំនួយវ៉ាក់សាំងពីបរទេសបានចាក់ជូនកងទ័ព គ្រួសារ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការមានវ៉ាក់សាំងដូសទី១ ដូសទី២ វ៉ាក់សាំងកុមារ ដូសទី៣ ( ដូសជម្រុញ )និងដូសទី៤ ដែលកំពុងចាប់ផ្តើមដំណើរការនាពេលនេះ ។
លោកបានបន្តទៀតថា អនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចក្រសួងការពារជាតិ និងបទបញ្ជាមេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាគពិសេស ទទួលខុសត្រូវ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ នាពេលនេះ ក៏បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតដល់ប្រជាពលរដ្ឋកម្មករកម្មការិនីព្រះសង្ឃនិងជនបរទេស ទទួលវ៉ាក់សាំងកូវីដ-១៩នេះគ្រប់ៗគ្នារួចរាល់ និងបានសំណូមពរដល់ ប្រជាពលរដ្ឋកម្មករកម្មការិនីព្រះសង្ឃនិងជនបរទេស ថ្វីត្បិតបានទទួលចាក់វ៉ាក់សាំងដូសទី៤ហើយក្តី ត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ និងវិធាននានារបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ ។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋកម្មករកម្មការិនីព្រះសង្ឃនិងជនបរទេសទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ ៕
ដោយ : សិលា