ភ្នំពេញ៖ ដោយសារតែសារធាតុញៀន បានធ្វើឲ្យបុរសម្នាក់វង្វង់វេងស្មារតីដើរអុកឡុកគេឯងតាមផ្លូវសាធារណៈ ហើយក៏ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ចងរួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ តែសំណាងអាក្រក់បានដេកស្លាប់នៅរបងសាលាសង្កាត់ ព្រោះតែសារធាតុញៀនហួសកំរិតទើបធ្វើឲ្យគាំងបេះដូងស្លាប់តែម្តង ។
ករណីបុរសញៀនថ្នាំដេកស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចរបងសាលាសង្កាត់-និងប៉ុស្តិ៍នគរបាលទឹកល្អក់២ ខណ្ឌទួលគោក ។
បុរសញៀនថ្នាមិនត្រូវបានគេស្គាល់ឈ្មោះទេភេទប្រុសអាយុប្រហែល២៥ឆ្នាំ ។
តាមប្រភពព័ត៌មានពីលោកតន់ រ៉ាវី នាយប៉ុស្តិ៍នគរបាលទឹកល្អក់ទី២ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះញៀនថ្នាំអុកឡុកតាមផ្លូវលេខ១៥០កែងផ្លូវលេខ២៦១ ហើយត្រូវប្រជាពលរដ្ឋចាប់ចង យកមកឲ្យសមត្ថកិច្ចដើម្បីធ្វើការទាក់ទងជាមួយមន្ទីរសង្គមកិច្ច ធ្វើការអប់រំកុំឲ្យដើរអុកឡុកគេឯងតាមផ្លូវសាធារណៈទៀត ។ លោកតន់ រ៉ាវី បន្តទៀតថា បន្ទាប់ពីលោកបានទទួលបុរសញៀនថ្នាំរួចហើយ លោកបានទំនាក់ទំនងទៅមន្ទីរសង្គមកិច្ចដើម្បីមកទទួលយកជនរងគ្រោះ និងបានស្រាយចំណងចេញផងដែរ រហូតដល់ម៉ោងខាងលើស្រាប់ឃើញបុរសរូបនោះដេកស្លាប់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចនិងមន្រ្តីសាលាសង្កាត់ក៏ដឹកសពយកមកដំកល់នៅវត្តទឹកថ្លា និងធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញដោយឆ្លងតាមការពិនិត្យសាកសពនិង បូមទឹកនោមវិភាគជាលទ្ធផលជនរងគ្រោះស្លាប់ដោយការប្រើប្រាស់ថ្នាំញៀនប្រភេទមេតំហ្វេតាមីន៕
ដោយ៖ ស ដារ៉ា