អន្តរជាតិ៖ សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានដកស្រង់សម្តីលោក Dmitry Rogozin ប្រធានទីភ្នាក់ងារអវកាសរបស់រុស្ស៉ី រ៉ូសកូស្មូស (Roscosmos) បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា មីស៊ីលផ្លោងអន្តរទ្វីបឈ្មោះ Sarmat របស់រុស្ស៉ីនឹងមានកម្លាំងខ្លាំងជាងអាវុធយុទ្ធសាស្រ្តផ្សេងទៀត រួមទាំងមីស៊ីល Minuteman-III របស់សហរដ្ឋអាមេរិកផងដែរ។
ថ្លែងក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Rossiya 24 លោក Rogozin បានលើកឡើងថា «Sarmat គឺជាមីស៊ីលដ៏មានអានុភាព និងខ្លាំងជាងមីស៊ីល Minuteman-III ដែលត្រូវបានប្រើ ដោយសហរដ្ឋអាមេរិក ហើយក្បាលគ្រាប់របស់វាអាចនឹងទម្លុះទឹកដីម្ខាងទៀត»។ លោកបន្ថែមថា យោងតាមទិន្នន័យ គ្រាប់រ៉ុក្កែតនេះអាចនឹងធ្វើឲ្យទាំងប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក និងណាតូដែលមានស្រាប់និងពេលអនាគតងាយនឹងរងគ្រោះ ដែលនេះគឺជាជោគជ័យមួយដ៏ធំសម្រាប់អ្នកជំនាញរបស់យើង។
មីស៊ីល Sarmat ត្រូវបានបង្កើតឡើង នៅឯមជ្ឈមណ្ឌលរ៉ុក្តែតរដ្ឋ ម៉ាកេយ៉េវ (Makeyev) ដែលជាផ្នែកមួយនៃ Roscosmos។ តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញ វាមានសមត្ថភាពបញ្ជូនក្បាលគ្រាប់ទម្ងន់រហូតដល់១០តោនទៅកាន់ចំណុចណាមួយនៃពិភពលោក ទាំងឆ្លងកាត់ប៉ូលខាងជើង និងខាងត្បូង។ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បានរាយការណ៍ថា រុស្ស៉ីបានធ្វើតេស្តដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីបប្រភេទនេះ៕ ដោយធីរីណា
រូបថត : RT
រូបថត TASS