ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់៤នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន ៣នាក់(ស្រី១នាក់) របួសស្រាល ៦នាក់(ស្រី២នាក់) ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន១១នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៧លើក។
ជាមួយគ្នានេះ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា៖ ចំនួនគោលដៅសរុប ១២៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣.១៦៦គ្រឿង ម៉ូតូ ២.២៨៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៥១៣គ្រឿង មានម៉ូតូចំនួន ៤២៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល២៤ថ្ងៃ(ថ្ងៃទី០១-២៤ខែមេសា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៨៤.៦៨០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០.៩៥០គ្រឿង ម៉ូតូមានចំនួន ៨.៧៧៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៤ថ្ងៃនៃខែមេសានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖ស តារា