សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២

– សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!

– សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល! 

– ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ!

– បងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវការអបអរសាទរជាមួយពិភពលោកទាំងមូល ចំពោះការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់និងទិវាគ្រុនចាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ ចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ ក្រោម ប្រធានបទ “រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បី លើកកម្ពស់សុខុមាលភាព”។ ទិវានេះប្រារព្ធឡើងក្នុងគោលបំណងរំលឹកនិងបង្ហាញឱ្យឃើញនូវក្តីរំពឹងរបស់ រាជរដ្ឋាភិបាល ព្រមទាំងសាធារណជនគ្រប់រូបដែលកំពុងខិតខំប្រឹងប្រែងរួមគ្នាឈានទៅសម្រេចគោលដៅ គ្មានជំងឺគ្រុនចាញ់ ក្នុងភូមិសាស្ត្រប្រទេស ក៏ដូចជាមហាអនុតំបន់ទន្លេមេគង្គ និងពិភពលោកទាំងមូល។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវការគាំទ្រយ៉ាង ពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹង ផ្លាស់ប្ដូរផ្នត់គំនិតនិងទម្លាប់សាធារណៈឱ្យកាន់តែបានទូលំទូលាយនិងមានប្រសិទ្ធភាពបន្ថែមទៀតនៅទូទាំង ប្រទេស ពិសេសក្នុងភូមិសាស្ត្រព្រៃភ្នំប្រឈមការចម្លងជំងឺគ្រុនចាញ់ខ្ពស់ ដើម្បីឈានទៅគ្មានការចម្លងជំងឺ គ្រុនចាញ់ និងគ្មានករណីជំងឺគ្រុនចាញ់ ព្រោះថាពេលនេះជាឱកាសដ៏អំណោយផលរបស់ប្រទេសកម្ពុជា ក្នុងបទពិសោធនិងមេរៀនដ៏មានសក្តានុពលដែលសាធារណជនទាំងមូលកំពុងសម្រេចបានជោគជ័យយ៉ាង ធំធេងមួយថ្មីទៀតលើការងារគ្រប់គ្រងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពសហគមន៍ចូលរួមរស់នៅបែប “គន្លងថ្មី ក្រោមទស្សនទានថ្មី- ដើម្បីធានាបាននូវអ្នកឆ្លងតិច គ្មានអ្នកស្លាប់ និងពុំមានការឆ្លងទ្រង់ទ្រាយធំក្នុងសហគមន៍ ព្រមទាំងប្រសិទ្ធភាពនៃការគ្របដណ្តប់វ៉ាក់សាំងកូវីដ-១៩។ ពិតណាស់ក្នុងបរិបទសេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ វឌ្ឍនភាព និងសន្តិភាពទូទាំងប្រទេសលើបូរណភាពទឹកដីអច្ឆរិយនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងដាក់ចេញនូវផែនការជាច្រើន រាប់ទាំងផែនការបំបាត់ជំងឺគ្រុនចាញ់ឱ្យបាននៅឆ្នាំ២០២៥។ ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សុខភាព ចំណាយថវិកាដោយផ្ទាល់លើការ ព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ ជំងឺគ្រុនចាញ់មានខ្ពស់ណាស់តាមដងទន្ល មេគង្គ ដែលដៃគូទាំងអស់ រួមទាំងកម្មវិធីមេគង្គ-ឡានឆាង ជុំទី១ ទី២ និងទី៣ ក៏បានផ្តោតការយកចិត្ត ទុកដាក់លើការបំបាត់ជំងឺគ្រុនចាញ់។

យោងរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានបង្ហាញថា ប្រទេសកម្ពុជាយើងធ្លាប់ មានករណីជំងឺគ្រុនចាញ់ជាង ១៧ម៉ឺនករណ៏ឈឺ នាទសវត្សរ៍ឆ្នាំ៨០ និងស្លាប់ជិត ១ ០០០នាក់។ ឆ្នាំ២០១៨ ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់លែងមានរហូតមកដល់បច្ចុប្បន្ន បានន័យថា សម្រេចបានជោគជ័យមុន គោលដៅគ្រោងទុកឆ្នាំ២០២០។ ឆ្នាំ២០២១ ជំងឺគ្រុនចាញ់សរុបមាន ៤ ២៧៩ករណីឈឺ ដែលចំនួនករណី បានបន្តថយចុះ៥៤%បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមាន ៩២៣៤ករណី។ចំពោះជំងឺគ្រុនចាញ់ ទម្រង់សន្ធិនិងចម្រុះមាន ៣២០ករណី ក្នុងឆ្នាំ២០២១ គឺបានបន្តថយចុះ៦៥% បើប្រៀបធៀបនឹងឆ្នាំ២០២០ មាន ៩៣៦ករណីឈឺ។ ចំពោះករណីគ្រុនចាញ់ប្រភេទវីវ៉ាក់ក៏មានការថយចុះ៥២% ពីចំនួន ៨ ២៩៨ នៅ ឆ្នាំ២០២០ មកនៅចំនួន ៣ ៩៥៩ករណ៏ នៅឆ្នាំ២០២១។ ក្នុងន័យនេះ យើងអាចនិយាយបានថា បើទោះជា ក្នុងបរិយាកាសដ៏លំបាកដោយសារកូវីដ-១៩.ក៏ដោយ ក៏ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់យើងនៅត ប្រតិបត្តិបាននូវអភិបាលកិច្ចល្អនិងប្រសិទ្ធភាពខ្ពស់ សម្រាប់ការចូលរួមចំណែកឈានទៅសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ “ធានាឱ្យជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយ សុខភាពល្អនិងលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូបនិងគ្រប់វ័យ”។

ទោះបីការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កំពុងទទួលបាននូវសមិទ្ធផលយ៉ាងមានប្រសិទ្ធភាពខ្ពស់យ៉ាង ណាក៏ដោយ ក៏យើងត្រូវតែខិតខំបង្កើនល្បឿនទៀតនៃការលុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការដូចមាន ក្នុងអភិក្រមសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ដែលជាផ្នែក មួយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥។ ពិសេស ត្រូវរួមគ្នាសម្រេចឱ្យបានជោគជ័យនូវគោលដៅគន្លឹះ៖ ១- ធានាទាំងប្រសិទ្ធភាពនិងគុណភាពលើ គ្រប់សកម្មភាពយុទ្ធសាស្ត្រ ព្រមជាមួយកិច្ចសហការដៃគូជាតិ-អន្តរជាតិ លើការបន្តប្រតិបត្តិការផែនការ យុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១-២០២៥ រហូតទទួលបាន ជោគជ័យទាំងស្រុង ២- លុបបំបាត់ជំងឺគ្រុនចាញ់ទម្រង់សន្ធិ (ឬប្រភេទហ្វាល់ស៊ីប៉ារ៉ូម) ឱ្យអស់ទាំងស្រុងនៅ ដំណាច់ឆ្នាំ២០២៣ ដោយបញ្ចូលបន្ថែមនូវវិធីសាស្ត្រជំហានចុងក្រោយលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងលេប ថ្នាំបង្ការជាមុនចំពោះគ្រប់បុគ្គលដែលនឹងត្រូវធ្វើដំណើរចូលទៅតំបន់ប្រឈមការចម្លងជំងឺគ្រុនចាញ់ និង ចូលរួមគាំទ្រផ្សព្វផ្សាយសារអប់រំសុខភាពទូលំទូលាយតាមគ្រប់បណ្តាញនិងមជ្ឈដ្ឋាន ៣- លុបបំបាត់ជំងឺ គ្រុនចាញ់គ្រប់ទម្រង់ទូទាំងស្រុកប្រតិបត្តិឱ្យអត្រាជំងឺតិចជាង ៥,០ករណ៏ ក្នុងចំណោមប្រជាជន ១ ០០០នាក់ នៅឆ្នាំ២០២៣ និងលុបបំបាត់ទាំងស្រុងគ្រប់ទម្រង់គ្រុនចាញ់ នៅដំណាច់ឆ្នាំ២០២៥។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងបានផ្ដល់លទ្ធភាពនិងលើកទឹកចិត្តឱ្យមានចលនាកៀរគរប្រមូល ប្រភពធនធានឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត តាមរយៈមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រនៃក្រសួងសុខាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធក្រោមការយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នា ពិសេសការទទួលខុសត្រូវខ្ពស់របស់គណៈអភិបាលខេត្តទទួលបន្ទុកជាប្រធានក្រុមការងារ លុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត លើការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់សាមីខេត្តឱ្យបានជោគជ័យ។

ក្នុងនាមរាជរដ្ឋាភិបាលនិងខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំ សូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រី បុគ្គលិកសុខាភិបាល និងប្រជាជនគ្រប់រូបដែលបានធ្វើឱ្យសម្រេច ជោគជ័យនូវសមិទ្ធផលលើការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់នាពេលកន្លងមក និងសូមសម្ដែងនូវការគាំទ យ៉ាងពេញទំហឹងដល់សកម្មភាពប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទូទាំង សកលលោក។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ វិស័យឯកជន អង្គការនានា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេស ប្រជាជនគ្រប់រូប សូមបន្តចូលរួមនិងគាំទ្រដល់បេសកកម្មរបស់ក្រសួងសុខាភិបាលតាមផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបានជោគជ័យនិងសម្រេចគោលដៅយុទ្ធសាស្ត ជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២៥។

ខ្ញុំព្រះករុណា ខ្ញុំ សូមឧទ្ទិសឱ្យខ្លឹមសារនិងអត្ថន័យនៃទិវាគ្រុនចាញ់ពិភពលោក ២៥ មេសា ២០២២ ក្រោមប្រធានបទ “រួមគ្នាអនុវត្តគន្លងសកម្មភាពថ្មីៗ ឈានទៅកាត់បន្ថយបន្ទុកជំងឺគ្រុនចាញ់សកល ដើម្បីលើកកម្ពស់សុខុមាលភាព” ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ទៅជាការអនុវត្តជាក់ស្ដែង កាន់តែស៊ីជម កាន់តែទូលំទូលាយ និងកាន់តែគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាយើងអាចធ្វើដំណើរឆ្ពោះ ទៅកាន់អនាគតមួយដែលគ្មានជំងឺគ្រុនចាញ់។ ជាមួយគ្នានេះ ខ្ញុំព្រះករុណា ខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា ភាគី ពាក់ព័ន្ធទាំងអស់ ទាំងក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សប្បុរសជន ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់នឹងបន្តរួមចំណែកចូលរួមសហការគ្នាជាប្រព័ន្ធតួអង្គតែមួយគាំទ្រដល់ការ សម្រេចនូវបេសកកម្មលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យមានប្រសិទ្ធភាព ក្នុងបុព្វហេតុចូលរួមចំណែកជំរុញកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនឆ្ពោះទៅគោលដៅ នៃចក្ខុវិស័យកម្ពុជា២០៣០ និង២០៥០។

ជាទីបញ្ចប់ ក្នុងឱកាសនៃការប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់និងទិវាគ្រុនចាញ់ពិភពលោកនេះ ខ្ញុំព្រះករុណា ខ្ញុំ សូមប្រគេនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print