ខេត្តកំពង់ឆ្នាំង៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានរងគ្រោះរហូតដល់ដើរមិនរួច អង្គុយមិនកើត ក្រោកមិនបាន ដោយសារបាក់ឆ្អឹងចង្កេះ ខណៈគាត់ជាកម្មករសំណង់លើកដែក លីសែងនូវវត្ថុធ្ងន់ៗ ហើយក៏បានដួលបណ្តាលឲ្យបាក់ឆ្អឹងចង្កេះ រងរបួសយ៉ាងធ្ងន់ និងគ្មានប្រាក់សម្រាប់ព្យាបាល ដែលរស់នៅក្រោមខ្ទមដ៏កម្សត់ជាមួយនឹងកូនស្រីវ័យជិត១០ឆ្នាំនោះ ។
ដោយឃើញពីស្ថានភាពជាក់ស្តែង ការលំបាករបស់បុរសឈ្មោះ ឈឿន ឈី ភេទប្រុស អាយុ៤៣ឆ្នាំ ជាកម្មករសំណង់រូបនេះ ក្រក្សត់ ជាមួយនឹងខ្ទមដ៏តូចមួយ លោកស្រី វណ្ណ លុយ អគ្គនាយិកាក្រុមហ៊ុនទឹកពិសាអេរ៉ូទិក ក៏បានជួយអន្តរាគមន៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីជួយគ្រប់មធ្យោបាយដឹកយកកម្មកររងគ្រោះមកកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ដោយលោកស្រីជួយធានារ៉ាប់រងលើមធ្យោបាយដឹកជញ្ជូន ការសម្រាកព្យាបាល ហូបចុក នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ។
លោកស្រី វណ្ណ លុយ អគ្គនាយិកាក្រុមហ៊ុនទឹកពិសាអេរ៉ូទិកបានមានប្រសាសន៍ថា បុរសខាងលើជាកម្មករ និងពោះម៉ាយ រស់នៅជាមួយកូនស្រីដែលមានវ័យជិត១០ឆ្នាំក្នុងដំបូលផ្ទះដ៏សែនលំបាក គ្មានប្រាក់ព្យាបាលជំងឺមុខរបួស ទើបលោកស្រីជួយសង្គ្រោះ ដើម្បីឲ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ លោកស្រីបន្តថា ពេលនេះក្រុមគ្រូពេទ្យ ក៏បានជួយជ្រោមជ្រែង ដោយយកចិត្តទុកដាក់ពិនិត្យព្យាបាល ហើយលោកស្រីក៏សូមអំពាវនាវផងដែរ ដល់សប្បុរសជនជិតឆ្ងាយ ក្នុងឬក្រៅប្រទេស មេត្តាជួយឧបត្ថម្ភទៅតាមសណ្តានចិត្តដើម្បីជួយសង្គ្រោះ ដល់កម្មិករសំណង់អភ័ព្វរូបនេះ ដើម្បីឲ្យគាត់បានជាសះស្បើយមុខរបួស វិលត្រឡប់ទៅកាន់ស្រុកកំណើត ប្រកបមុខរបរ ចិញ្ចឹមកូនវិញដ៏ល្អប្រសើរនៅក្នុងសង្គមនោះ ៕
ដោយ៖ សុខ ខេមរា