ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតកម្មវិធី ស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្នុង គោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងស្រទាប់មហាជននៅទូទាំងប្រទេស អំពី សារៈសំខាន់នៃការបោះឆ្នោត។
កម្មវិធី ស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះនឹងត្រូវបានធ្វើការផ្សព្វផ្សាយតាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ តាមរយៈការធ្វើវិមជ្ឈការការងារអប់រំម្ចាស់ឆ្នោតជូន គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ធ្វើជាវាគ្មិនឆ្លើយសំណួរមិត្តអ្នកស្តាប់ ១ម៉ោង ក្នុង ១ថ្ងៃ សម្រាប់រយៈពេល ៣៥ថ្ងៃ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត។ កម្មវិធីនេះ គឺជា ការបើកឱកាសដល់បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត ធ្វើការស្វែងយល់ ស្រាយចម្ងល់របស់ខ្លួន និងត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថាកម្មវិធីនេះធ្លាប់ត្រូវបានរៀបចំ និងទទួលបានជោគជ័យ ព្រមទាំងការ កោតសរសើរពីគ្រប់មជ្ឈដ្ឋាននៅឆ្នាំ២០១៦ ឆ្នាំ២០១៧ និងឆ្នាំ២០១៨។ អាស្រ័យហេតុនេះ សូមបងប្អូនប្រិយមិត្តអ្នកស្តាប់ទាំងអស់រង់ចាំតាមដានស្តាប់ និងចូលស្លាកសួរទៅកាន់ វាគ្មិនរបស់យើងដោយមេត្រីភាព៕
ដោយ : សុខ ខេមរា