សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាមគន៍ចំពោះគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ដែលមកទស្សនកិច្ចនៅប្រទេសកម្ពុជា។ សម្ដេច បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកពង្រឹងចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន ជាពិសេសជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនឡើងបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម បានរំលឹកថា នាពេលកន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំនៅប្រទេសជប៉ុន នាឱកាសនោះដែរ សម្ដេចតេជោ ក៏បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ដ្រីជប៉ុន ហើយភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-ជប៉ុន។ សម្ដេចក្រឡាហោម បានបន្ដថា ទាំងនេះជាជោគជ័យដ៏ធំមួយ ហើយក៏ជាមូលដ្ឋានបង្អែកសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង ប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ព្រមទាំងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគជប៉ុន ផងដែរ។

ជាការឆ្លើយតប លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានថ្លែងថា លោក និងគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុនទាំងអស់ ពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលសម្ដេចក្រឡាហោម បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមនាពេលនេះ។ លោក បានបន្ថែមថា កាលពីឆ្នាំ២០១៩ សមាគមជប៉ុន-កម្ពុជា ក៏បានដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយក៏បានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចក្រឡាហោម ផងដែរ។

លោក បានបញ្ជាក់ថា សមាគមជប៉ុន-កម្ពុជា មានគម្រោងដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ប៉ុន្ដែក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យសមាគមជប៉ុន-កម្ពុជា មិនអាចដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាបានឡើយ។ លោក បានបន្ដថា ទោះបីឆ្នាំនេះ ជំងឺកូវីដ-១៩ មិនទាន់បាត់ទាំងស្រុងក៏ដោយ ប៉ុន្ដែចំនួនអ្នកឆ្លងមានការថយចុះធ្វើឱ្យសមាគមជប៉ុន-កម្ពុជា កៀរគរអ្នកវិនិយោគជប៉ុន មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាម្ដងទៀត។

លើសពីនេះទៀត លោក ប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាចផ្ដល់ឱកាសឱ្យគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាបានផងដែរ។ លោក បានបន្ថែមថា គណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន មកប្រទេសកម្ពុជានាពេលនេះ គឺមានគោលបំណងចង់វិនិយោគ មិនត្រឹមតែទីក្រុងភ្នំពេញនោះទេ គឺនៅតាមបណ្ដាខេត្តនានារបស់កម្ពុជាផងដែរ បញ្ហាទាំងនេះហើយទើបសមាគមជប៉ុន-កម្ពុជា បានកៀរគរអ្នកវិនិយោគជប៉ុនមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផ្ទាល់។

ជាការឆ្លើយទៅនឹង សមាគមជប៉ុន-កម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ឯកភាព ថា ការខកខានរបស់គណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន មកបំពេញទស្សនកិច្ចនៅប្រទសកម្ពុជាដោយសារជំងឺកូវីដ-១៩ រយៈពេល ២ឆ្នាំកន្លងទៅនេះ។ សម្ដេច បានបញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ននេះ អាចរៀបចំឡើងវិញចំពោះដំណើរទស្សនកិច្ចនេះ ដោយសារស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជានាពេលនេះ មានសភាពធូរស្រាល។ សម្ដេចក្រឡាហោម ក៏បានអរគុណចំពោះ សមាគមជប៉ុន-កម្ពុជា បានវាយតម្លៃចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា ។

ជាចុងក្រោយ សម្ដេចក្រឡាហោម ក៏បានជូនពរដល់គណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុនទាំងអស់ សូមទទួលបានជោគជ័យក្នុងការងាររបស់ខ្លួននាឱកាសបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានេះផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print