ខេត្តកំពង់ចាម : លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រួមនិងមន្រ្តីសុខាភិបាលមួយចំនួនទៀត នៅថ្ងៃទី២៦ខែមេសានេះ បានអញ្ចឹងចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋនៅទីតាំងសាលារៀន ផ្សារ និងរោងចក្រមួយចំនួទៀត ស្ថិតនៅខេត្តកំពង់ចាម។
សូមបញ្ជាក់ថា, ឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៍មានជាច្រេីនកន្លងទៅ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានជម្រាបជូនថា ការព្រួយបារម្ភមានការឆ្លងកូវីដ-១៩ ឫមិនព្រួយបារម្ភ យេីងគួរពិនិត្យមេីលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយេីង ហេីយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩។ យេីងមិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡេីយទេ ព្រោះទេីបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយេីង ដែលត្រូវរងចាំ និងបន្តពិនិត្យមេីលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ។ ការទទួលខុសត្រូវរបស់បុគ្គល និងសហគមន៍នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនិមួយៗ ហេីយប្រសិនបេីលោកអ្នកមានការសង្ស័យ សូមធ្វេីតេស្តរហ័ស ឫទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក។ បេីលទ្ធផលបង្ហាញ វិជ្ជមានកូវីដ-១៩ និងបេីក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហេីយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។ បេីមានរោគសញ្ញាសង្ស័យថាវិវត្តន៍ទៅធ្ងន់ធ្ងរ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសង្ងំនៅផ្ទះ ដែលអាចស្លាប់បាត់បង់ជីវិតបាន។ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឫក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ ដេីម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា។ សូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ និងទី៤) ឱ្យបានគ្រប់ៗគ្នា ដេីម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍ សម្រាប់រក្សានិរន្តន៍ភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ ដូចជារោងចក្រ សហគ្រាស ទីផ្សារ និងសាលារៀន។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងចៀសផុតនូវជំងឺកូវីដ-១៩ ទាំងអស់គ្នា។
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបញ្ឈប់កាតព្វកិច្ចពាក់ម៉ាស់នៅតាមទីតាំងសាធារណៈទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ ដោយទុកឲ្យពលរដ្ឋមានសិទ្ធិសម្រេចដោយខ្លួនឯងថាពាក់ឬមិនពាក់។
ក្នុងសារសំឡេងពិសេសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានជម្រាបទៅដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសថា បន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងរដ្ឋមន្ត្រីសុខាភិបាលរដ្ឋាភិបាលនៅពេលនេះបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងសាធារណៈចេញ ក៏ប៉ុន្តែកាតព្វកិច្ចនេះនៅតែរក្សានៅក្នុងទីតាំងបិទចិត្តដែលមានដូចជាអគារទីតាំងរោងភាពយន្តសាលប្រជុំជាដើម។
សម្ដេចតេជោ លើកឡើងថាការធ្វើបែបនេះគឺដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋទៅលើការទិញម៉ាក់ដែលជាបន្ទុកចំណាយដ៏ធំមួយ ជាមួយគ្នានេះសម្ដេចជំរុញឱ្យពលរដ្ឋតាមដានសុខភាពខ្លួនឯងនិងធ្វើតេស្តរហ័សនៅពេលមានការសង្ស័យផងដែរ។
សម្ដេចបានបញ្ជាដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបន្តតាមដាន និងត្រៀមបំរុងដើម្បីឆ្លើយតបរហ័សបន្ទាប់ពីកាតព្វកិច្ចពាក់ម៉ាស់នេះត្រូវបានដកចេញផងដែរ។
សម្ដេចតេជោថា៖ «ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថាការដកម៉ាស់ចេញនឹងបង្កបរិយាកាសសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើង។ ហើយក៏នឹងចូលរួមចំណែកសន្សំសំចៃនូវការប្រើប្រាស់ដោយផ្ទេរការចំណាយលើការទិញម៉ាស់មកពាក់ បង្វែរទៅជាការទិញម្ហូបអាហារទិញសម្លៀកបំពាក់ឱ្យកូនចៅ និងទុកសន្សំប្រាក់កាក់នោះដើម្បីប្រើប្រាស់លើគោលដៅផ្សេង» ។
សម្ដេចតេជោ បានបន្ថែមថាជំនួសឱ្យកាតាព្វកិច្ចពាក់ម៉ាស់នេះគឺពលរដ្ឋគ្រប់រូបត្រូវទៅចាក់វ៉ាក់សាំងឱ្យបាន៣ដូសឱ្យបានគ្រប់គ្នា។
ក្នុងពិធីទទួលវ៉ាក់សាំងពីប្រទេសអ៊ីតាលីកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពីម្សិលមិញ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីគោលបំណងរបស់សម្ដេច លើការដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់តាមទីសាធារណៈចេញ ដោយថាដើម្បីជួយទៅដល់ជីវភាពរបស់ពលរដ្ឋដែលត្រូវចំណាយច្រើនទៅលើការទិញម៉ាស់នេះ។
សម្ដេចបន្ថែមថាដើម្បីជំរុញឲ្យការដកកាតព្វកិច្ចពាក់ម៉ាសចេញមានប្រសិទ្ធភាពសម្ដេចបានជំរុញឲ្យពលរដ្ឋគ្រប់រូបនាំគ្នាចេញទៅចាក់វ៉ាក់សាំងនៅបានគ្រប់គ្នាយ៉ាងហោចណាស់បាន ៣ដូស ជាមួយគ្នានឹងសម្ដេចប្រកាសឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋ៕
ដោយ : សិលា