លោក នេត្រ ភក្ត្រា: ការលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស លើកលែងតែកន្លែងបិទជិត គឺជាភាពជោគជ័យនៃការអនុវត្តនយោបាយវ៉ាក់សាំងបង្កើតខឿនការពារសុខភាពជូនពលរដ្ឋកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ : ដោយសារតែនយោបាយវ៉ាក់សាំងដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យភាពស៊ាំក្នុងគ្រួសារ និងភាពស៊ាំក្នុងសហគមន៍កាន់តែមានប្រសិទ្ធភាពខ្ពស់ បានធ្វើឱ្យកម្ពុជាប្រកាស នៅថ្ងៃនេះ លើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស លើកលែងតែកន្លែងបិទជិត។ នេះជាការថ្លែងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងថា; នេះគឺជាជោគជ័យដ៏ត្រចះត្រចង់នៃនយោបាយវ៉ាក់សាំង។ ពលរដ្ឋកម្ពុជាសូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានកសាងខឿនសុខុមាលភាពជូនពលរដ្ឋកម្ពុជា និងជួយសង្គ្រោះជីវិតពលរដ្ឋខ្មែរពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ ១៩។ 

លោករដ្ឋលេខាធិការ បានបន្តថា, កូវីដ១៩ ដែលរហូតមកដល់ថ្ងៃទី២៦ ខែមេសា នេះ បានចម្លងមនុស្សជាង ៥១០លាននាក់ ក្នុងនោះ ៦ ២៤៦ ០៩៩ នាក់ បានស្លាប់បាត់បង់ជីវិត។  កម្ពុជាមានអ្នកឆ្លងចំនួន ១៣២ ៩៦៨ នាក់ និងស្លាប់ ៣០៥៦ នាក់។ 

នៅរាត្រីនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានរម្លឹកថា, សូមបងប្អូនបន្តប្រកាន់ខ្ជាប់វិធានការការពារ ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួនដើម្បីនាំកម្ពុជាវិលទៅរកប្រក្រតីភាពឡើងវិញ និងអាចទប់ស្កាត់បាននៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩!៕

ដោយ: សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print