ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតែស្រវឹងស្រាហើយ បានបើករថយន្តស៊េរីទំនើបម៉ាក Land Rover មួយគ្រឿងឡើងសួនពុះចែកទ្រូងផ្លូវហើយជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី រួចបន្តទៅបុកបង្គោលប៉ាណូមួយដើមទៀតបណ្ដាលឱ្យទ្រេត រីឯរថយន្តក៏ទៅមុខលែងរួចដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខសាលារៀនណតប្រ៊ីត តាមបណ្តោយផ្លូវលេខ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Land Rover មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2L-1680 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែឃើញរេចង្កូតមកខាងឆ្វេងដៃឡើងលើសួនពុះចែកទ្រូងផ្លូវហើយជ្រុលទៅបុកបង្គោលស្លាកចរាចរណ៍មួយដើមបាក់រាបដល់ដី រួចបន្តទៅបុកបង្គោលប៉ាណូមួយដើមទៀតបណ្ដាលឲ្យទ្រេត រីឯរថយន្តបោកផ្ទប់ជាប់ទៅមុខលែងរួច។ ភ្លាមៗនោះម្ចាស់រថយន្តបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ