ភ្នំពេញ ;យោងតាមប្រភពពី ៖ វប្បធម៌ខ្មែរ Khmer culture បានបញ្ជាក់អោយដឹងថា, សម្ដេចព្រះមហាក្សត្រយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារី រតន៍សិរីវឌ្ឍនា ព្រះមាតាសិល្បៈជាតិខ្មែរស្ដេចយាងសោយព្រះពិរាល័យនាថ្ងៃអាទិត្យ ២រោច ខែពិសាខ ឆ្នាំថោះ សប្តស័ក ព.ស.២៥១៩ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧៥ ក្នុងរដ្ឋធានីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន យ៉ាងស្ងប់ស្ងាត់ជាទីបំផុត ក្នុងយុគសម័យសង្គ្រាម ក្នុងព្រះជន្ម ៧១ព្រះវស្សា។
សម្តេចព្រះមហាក្សត្រិយានីជាអម្ចាស់ ព្រះអង្គមានព្រះករុណាទិគុណយ៉ាងធំធេងឥតឧបមារចំពោះវិស័យសិល្បៈជាតិខ្មែរ របាំព្រះរាជទ្រព្យ។ក្នុងរាជ្យនៃការគង់ប្រថាប់ដឹកនាំ របាំព្រះរាជទ្រព្យ បានឈានដល់ចំណុចកំពូល ម្តងទៀតសារជាថ្មីក្រោយសឹងតែរលាយសាបសូន្យក្នុងសម័យអាណានិគម។លោកបានត្រាស់ឱ្យប្រមូលអស់ឃុនគ្រូចាស់ៗ ដែលរសាត់អណ្តែតនៅខាងក្រៅវាំង ឱ្យចូលមកវិញ ចាត់ចែងស្រាវជ្រាវជាថ្មីនូវអ្វីដែលជារបស់ខ្មែរ។ស្តេចត្រាស់ឱ្យកំណត់ខ្នាតទម្រង់ នាង នាយរោង យក្ស ស្វា ឱ្យមានខ្នាតរាងៗខ្លួនឱ្យសុក្រិត កែទម្រង់ខ្នាតគ្រឿងល្ខោន លោកប្រទានឱ្យកាត់កងរឿង របាំនានា និងចាប់ផ្តើមបកឈ្មោះចម្រៀងនិងបទភ្លេងខ្លះៗឱ្យមកជាភាសាជាតិ។ ក្នុងគ្រានោះរបាំ ជាច្រើនត្រូវបានចាប់កំណើតឡើយជាតួយ៉ាងគឺ«របាំអប្សរា»ដែលជារបាំប្រកបដោយសុក្រិតភាពជាទីបំផុត !ក្រាបថ្វាយព្រះអាល័យនិងក្រាបថ្វាយព្រះមហាព្រះរាជកុសល ៕