អន្តរជាតិ៖ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះថា៖ ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារទី២៦មេសា ម្សិលមិញនេះ រូបសំណាកដ៏ធំមួយសល់ពីអតីតសម័យសហភាពសូវៀតដែលជានិមិត្តរូបនៃមិត្តភាព រវាងរុស្ស៊ី នឹងអ៊ុយក្រែន ស្ថិតនៅចំកណ្តាលទីក្រុងកៀវ ត្រូវបានអាជ្ញាធរអ៊ុយក្រែនរុះរើចោល។
ជាក់ស្ដែងលោក វីតាលី ឃ្លីតស្កូ (Vitaly Klitschko) អភិបាលទីក្រុងកៀវ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវនេះយើងមើលឃើញយ៉ាងច្បាស់ថាអ្វីគឺជាមិត្តភាពនេះ នោះគឺការបំផ្លិចបំផ្លាញទីក្រុងជាច្រើនរបស់អ៊ុយក្រែន … ការសម្លាប់មនុស្សរាប់ម៉ឺននាក់។ ខ្ញុំជឿជាក់ថាអត្ថន័យនៃរូបសំណាកនេះបានផ្លាស់ប្តូរទាំងស្រុងនៅពេលនេះ»។
មិនតែប៉ុណ្ណោះ អភិបាលទីក្រុងកៀវ បានសង្កត់ធ្ងន់ថា៖ ខ្លោងទ្វារនឹងនៅដដែល ប៉ុន្តែត្រូវប្តូរឈ្មោះជា «សេរីភាពនៃប្រជាជនអ៊ុយក្រែន» វិញ។
គួរជម្រាបថា រូបសំណាកធ្វើពីសំរិទ្ធិប្រវែងជាង៨ម៉ែត្រ ជារូបចម្លាក់តំណាងឱ្យកម្មករអ៊ុយក្រែននិងរុស្សីកាន់ដៃគ្នានៅលើជើងទម្រដែលបង្ហាញពីចំណងមិត្តភាពនៃសហភាពសូវៀត។ រូបសំណាកនេះ ស្ថិតនៅក្រោមខ្លោងទ្វារមិត្តភាពប្រជាជនដែលត្រូវបានគេសាងសង់នៅក្នុងឆ្នាំ១៩៨២ ដើម្បីរំលឹកខួបលើកទី៦០ នៃសហភាពសូវៀត៕ដោយ៖ស តារា
រូបភាព៖RT