រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់ពលរដ្ឋអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ដូសជំរុញពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចពិជ័យសេនា ទៀ បាញ់ តាមគោលដៅនៅក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាម​អនុសាសន៍​ដឹកនាំ​ដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ និង​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ លោក ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ​ និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ បាន​និងកំពុង​សម្រុក​បេីក​យុទ្ធនាការ​ចុះ​ចាក់​
វ៉ាក់​សាំងដូសជំរុញជូនពលរដ្ឋតាមគោលដៅដែលអាជ្ញាធរមូលដ្ឋានបានរៀបចំ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញឲ្យបានរួសរាន់ មកទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ចាប់ពីពេលនេះតទៅ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ នៅទីតាំងផ្សារជម្ពូវ័នក៏មិនខុសពីទីតាំងផ្សេងទៀតដែរ គឺបានដំណើរការចាក់វ៉ាក់សាំងជូនអាជីវករ និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ។
លោកលាភ ប៊ុនរិទ្ធ ប្រធានផ្សារជម្ពូវ័ន បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ មេសានេះថា ដោយមានការយកចិត្តទុកដាក់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានរៀបចំអោយមានទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលនិងអាចបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងអាជីវករដែលរវល់ក្នុងការប្រកបអាជីវកម្មអាចឆ្លៀតពេលមកចាក់វ៉ាក់សាំងបានគ្រប់គ្នា ។
លោកប្រធានផ្សារក៏បានអោយដឹងដែរថា ការចាក់វ៉ាក់សាំងនៅពេលនេះគឺមានទាំងអ្នកដែលមិនទាន់បានចាក់សោះ ដូសជំរុញលើកទី៣និងលើកទី៤ ។ ការចាក់វ៉ាក់សាំងដែលធ្វើឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនាទៀ បាញ់ មានរយៈពេល៧ថ្ងៃដែលចាប់ផ្តើមចាក់នៅព្រឹកថ្ងៃទី២៧ មេសានេះតទៅ។ ជាមួយគ្នានេះលោកលាភ ប៊ុនរិទ្ធ
ក៏បានអំពាវនាវឱ្យអាជីវកនិងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារមកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាផងដែរ។
បើតាមមន្ត្រីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា៖ ទីតាំងសម្រាប់ចាក់វ៉ាក់សាំងក្រៅពីផ្សារជម្ពូវ័ន នៅមានផ្សារ
ពោធិចិតុង, ផ្សារសិនជូរីផ្លាហ្សា
ក៏បានបង្កើតទីតាំងចាក់វ៉ាក់សាំងជូនអាជីវករនិងប្រជាពលរដ្ឋផងដែរ រីឯនៅក្នុងសង្កាត់ចោមចៅទី៣ ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ដសម្ដេចពិជ័យសេនាទៀ បាញ់ ចុះចាក់នៅតាមផ្ទះចាក់ជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។
ដោយឡែក លោក ហ៊ត រដ្ឋា ចៅសង្កាត់ត្រពាំងក្រសាំង បានឱ្យដឹងដែរថា៖ ថ្ងៃនេះមានបងប្អូនប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងដូសជំរុញយ៉ាងច្រើន នៅគោលដៅប៉ុស្ដិ៍សុខភាពត្រពាំងក្រសាំង រយៈពេល២ថ្ងៃមកនេះមានប្រមាណជិត៣០០នាក់ហើយដែរ ។
សូមបញ្ជាក់ថា៖ កន្លងមកនេះការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានធ្វើឡើងនៅតាមរោងចក្រ មណ្ឌលសុខភាព និងទីសាធារណៈមួយចំនួនទៀត តែពេលនេះបានឈានដល់ទីផ្សាររដ្ឋហើយ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ និង​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ ឃួង​ ស្រេង​ អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ ជុំវិញសុខុមាលភាពជូនប្រជាពលរដ្ឋ។
ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២បានជូនដំណឹងពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញជូនពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរ នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print