ភ្នំពេញ៖ អ៊ុំប្រុសចំណាស់ម្នាក់ ដែលកំពុងជិះម៉ូតូជាមួយក្មួយប្រុសនិងកូនស្រី មកពីមន្ទីពេទ្យ ត្រូវបានជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រេឿង ធ្វើសកម្មភាពឆក់ខ្សែ.ក តែមិនបានសម្រេច ទាក់ដៃម៉ូតូគ្នាជាមួយជនរងគ្រោះក៏ដួលម៉ូតូ ហើយប្រតាយប្រតាប់គ្នា រួចជនសង្ស័យក៏រត់ចោលម៉ូតូ ឡើងជិះជាមួយបក្ខពួកដើម្បីគេចខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៣៤ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហូ វ៉ាងគង់ ភេទប្រុស អាយុ៦៣ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ៧៧ ផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១CO-០០១៤ ជាមួយក្មួយប្រុស និងកូនស្រី មកពីមន្ទីរពេទ្យអូឡាំពិក គោលបំណងទៅផ្ទះខណៈមកដល់ម្ដុំចំណុចផ្សារនាគមាស តាមបណ្ដោយផ្លូវ២៣៤ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រេឿង ពេលនោះជនសង្ស័យដែលជិះម៉ូតូម្នាក់ឯង ម៉ាកសង សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FL-៦១៥២ បានធ្វើសកម្មភាពឆក់ខ្សែ.កពីជនរងគ្រោះហើយបានទាក់ដៃចង្គូតម៉ូតូដួល ហើយក្មួយប្រុសជនរងគ្រោះចុះប្រតាយប្រតាប់គ្នារួចជនសង្ស័យក៏រត់ទៅឡើងជិះម៉ូតូជាមួយបក្ខពួក២ទៀតគេចខ្លួន បន្សល់ទុកម៉ូតូចោលនៅកន្លែងកើតហេតុ។
សូមបញ្ជាក់ផងដែរខ្សែ.ករបស់ជនរងគ្រោះមិនបានបាត់ទេ ចំណែកម៉ូតូរបស់ជនសង្ស័យដែលបន្សល់ទុកត្រូវបាននគរបាលយកមករក្សាទុកនិងស្រាវជ្រាវរកម្ចាស់យកមកឃាត់ខ្លួន។
បច្ចុប្បន្នជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ៕
...
ដោយ៖ ស ដារ៉ា