ខេត្តស្ទឹងត្រែង÷នៅរសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មា ធិការកាកបាទក្រហមកម្ពុជាសាខាខេត្តស្ទឹងត្រែង
បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកៀរគរកមូលនិធិក្នុងឱកាសអបអរសាទរខួបទី១៥៩ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២២ ក្រោមប្រធានបទ’’ ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានានិងបន្តពង្រឹងភាពធនសហគមន៍។
លោក ស្វាយ សំអ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះសមាជិកគណៈកម្មាធិការមន្ទីរអង្គភាពដែលបានខិតខំប្រឹងប្រែងសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ ក្រុមការងារទាំងអស់ ដើម្បីសម្រេចបានជោគជ័យ ដើម្បីឆ្ពោះទៅការកៀរគរកមូលនិធិសម្រាប់ទិវា ៨ឧសភា ២០២២ ឱ្យទទួលបានជោគជ័យ សាខាខេត្តស្ទឹងត្រែងសង្ឃឹមជឿជាក់ថា សប្បុរសជននឹងចូលរួមឧបត្ថម្ភគាំទ្រជាថវិកា សម្ភារដើម្បីសាខាសម្រេចបានចក្ខុវិស័យ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជាក្នុងការកៀរគរកម្លាំងមនុស្សធម៌ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត តាមរយៈវិស័យស្នូលទាំង ៤ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។
សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕
ដោយ៖ សូរិយា