ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា, មានតែវិស័យកីឡាទេដែលមានស្តង់ដាររួម និងការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស វិស័យនយោបាយគឺគ្មានស្តង់ដាររួមនោះទេ។
សម្តេចថ្លែងបែបនេះ នៅក្នុងកម្មវិធី ជួបសំណេះសំណាល និង ផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣១ នៅប្រទេសវៀតណាម។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា៖ «ប្រជាធិបតេយ្យ សិទ្ធិមនុស្សជាដើម អត់មានស្តង់ដារអន្តរជាតិទេ ព្រោះចំណុចវាខុសគ្នា»។
សម្តេចបន្តថា , និយាយពីប្រទេសបិតាប្រជាធិយតេយ្យគេអនុវត្តស្តង់ដារខុសគ្នា មានប្រជាជនគាំទ្រជាង ៤០% អាចធ្វើប្រធានាធីបតីបានហើយព្រោះថាយើងមើលប្រជាជនមានជាង ៧០% ទៅបោះឆ្នោត ចឹងមានពាក់កណ្តាលបោះឱ្យអ្នកឈ្នះឆ្នោតដែលមានតែប្រមាណជិត ៤០% ប៉ុន្នឹង។
សម្តេចបន្ថែមថា បារាំងបើមិនលើស ៥០% ទេមិនអាចធ្វើប្រធានាធិបតីបានទេចឹងត្រូវធ្វើ ២ជុំ ។ ជុំទី១ បើមិនអាចរកអ្នកមានសម្លេងលើស ៥០% បូក១ បាន គេបោះឆ្នោតជុំទី ២ ដែលយកអ្នកលេខ ១ លេខ ២ យកមកបោះឆ្នោត។
សម្តេចបន្តថា៖ «ប្រជាធិបតេយ្យវាអត់ដំណើរការដូចគ្នាទេ ប្រទេសខ្លះប្រកាន់យករបបប្រធានាធីបតី ខ្លះ របបសភា របបប្រធានាធីបតីអំណាចលើប្រធានាធីបតី របបសភា អំណាចលើនាយករដ្ឋមន្ត្រី»។
សម្តេចបញ្ជក់ថា៖«ចឹងត្រូវស្គាល់ប្រព័ន្ធរបស់វា ,… ខ្ញុំនិយាយនេះយើងចែករំលែកអ្នកមិនចេះ តែធ្វើចេះនោះ»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់កីឡាទាំងអស់ឱ្យគោរពវិន័យ និងហាម ប្រើប្រាស់សារធាតុបង្កើនកម្លាំង ដែលមានការហាមឃាត់ ។ សម្តេចចាត់ទុកថា «ទោះទទួលបានមេដាយមាសក៏ដោយ ឱ្យតែស្អុយឈ្មោះដោយប្រើប្រាស់ សារធាតុញៀន ឬសារធាតុប៉ូវកម្លាំង ដែលមានការហាមឃាត់ គឺគ្មានន័យទេ»។
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ សិក្សាពីការផ្ទេរអ្នកជំងឺ កូវីដ-១៩ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ទៅមន្ទីរពេទ្យហ្លួងម៉ែ ឬមណ្ឌលចាក់អង្រែ ដើម្បីប្រគល់ស្ដាតអូឡាំពិកឲ្យជំនាញកីឡា ធ្វើការជួសជុល និងរៀបចំទីលាន ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ៕